ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ព្រមទាំងដកហូតកាំភ្លើង១ដើម និងថ្នាំញៀនចំនួន៥២កញ្ចប់!

ភ្នំពេញ: កម្លាំងកងរាជរាជអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាក់ស្តែង ព្រមទាំងដកហូតបានកាំភ្លើងខ្លី១ដើម និងថ្នាំញៀនចំនួន៥២កញ្ចប់ ដោយក្នុងនោះមាន២កញ្ចប់ធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ម្តុំរោងចក្រឆ្នាំង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ ប្រាក់ វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរ) ស្នាក់នៅផ្ទះកើតហេតុខាងលើ និងទី២ឈ្មោះ គ.ឈ.ល អាយុ១១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

មន្ត្រីអាវុធហត្ថខណ្ឌបានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងអាវុធហត្ថយើងបានធ្វើការជិះល្បាតនៅតាមបណ្តោយផ្លូវរថភ្លើង ម្តុំរោងចក្រឆ្នាំង ខណ:ពេលកំពុងជិះល្បាតមកដល់ចំណុចខាងលើ កម្លាំងអាវុធហត្ថយើងបានប្រទះឃើញក្មេងប្រុសម្នាក់ ដោយមានការសង្ស័យ ទើបកម្លាំងយើងបានធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀន២៣កញ្ចប់តូច ហើយកម្លាំងបានធ្វើការសាកសួរទៅក្មេងខាងលើ។ ក្រោយពីធ្វើការសាកសួរទៅលើក្មេងប្រុសខាងលើរួចមក កម្លាំងយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតបាននៅចំណុចផ្ទះគ្មានលេខ ម្តុំរោងចក្រឆ្នាំងដូចគ្នា ដោយបានដកហូតថ្នាំញៀនពីជនសង្ស័យខាងលើបានថ្នាំញៀន៦កញ្ចប់តូច។

ក្រោយមកកម្លាំងកងរាជអាវុធហត្ថយើងបានធ្វើការសាកសួរ និងបាននាំជនសង្ស័យខាងលើទៅឆែកឆេរនៅផ្ទះរបស់ខ្លួន ដោយដកហូតបានថ្នាំញៀនចំនួន២៣កញ្ចប់ ដោយក្នុងនោះមាន២កញ្ចប់ធំ និងដកហូតបានកាំភ្លើងខ្លី១ដើមទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌ បញ្ជូនខ្លួនទៅទីបញ្ជាការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់កងរាជអាវុធរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់