ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌួង ហ្សូរីដា ជាប់ឈ្មោះឡើងតុមូល នៅប្រទេសកូរ៉េខាងត្បូង

ចាត់ទុកជារឿងមុខមាត់យ៉ាងខ្លាំង ដែលពិធីការិនីល្បីល្បាញកញ្ញា ឌួង ហ្សូរីដា ត្រូវបានគេកំណត់ឈ្មោះអោយឡើងយន្ដហោះទៅកាន់តែប្រទេសកូរ៉េខាងត្បូង ដើម្បីអោយឡើងតុមូលជាមួយអ្នកជំនួញ៣រូបផ្សេងទៀត នៅក្នុងកម្មវិធី«2017 Jeju Island Overseas Buyer Invited Export Business meeting» ដែលកម្មវិធីនេះត្រូវបានប្រកាសថាធ្វើឡើងនៅកោះជេជូ។ នាងនឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី១៧ កញ្ញានេះ ដោយនេះជាមុខមាត់មួយបន្ទាប់ពីនាងទទួលបានជោគជ័យក្នុងនាមជាពាណិជ្ជករម្នាក់នៅក្នុងវិស័យមុខជំនួញ។

យោងតាមប្រកាស ប្រទេសកូរ៉េខាងត្បូង នឹងរៀបចំកម្មវិធីប្រជុំតុមូលរវាងអ្នកជំនាញល្បីៗមកពីគ្រប់ទិសទីនៅលើពិភពលោករហូតដល់ជិត១០០ក្រុមហ៊ុនឯណោះចូលរួម ដោយក្នុងចំណោមអ្នកចូលរួមនោះគឺមានតំណាងពាណិជ្ជករល្បីធំៗពីកម្ពុជាចំនួន៥ក្រុមហ៊ុនដែលភាគីកូរ៉េជ្រើសរើសអោយចូលរួម ហើយកញ្ញា ឌួង ហ្សូរីដា ម្នាក់ដែរ។

កញ្ញាត្រូវបានគេប្រកាសថាមានឈ្មោះចូលរួមតុមូលកម្រិតអន្តរជាតិលើវិស័យជំនួញមួយនេះ ដោយសារតែកញ្ញាបានក្លាយជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវផលិតផលជាច្រើន ជាពិសេសគឺអាជីវកម្មលក់ទឹកត្រចៀកកាំមុទិតារបស់អ្នកនាងតែម្ដង។
យោងតាមប្រកាសតំណាងពាណិជ្ជករពីកម្ពុជាទាំំង៥ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន Mudhita Beauty Shop (Cosmetic Products Shop), ក្រុមហ៊ុន Danama Home (Mudhita’s Bird Nest) របស់កញ្ញា ឌួង ហ្សូរីដា, ក្រុមហ៊ុន The Face Spa Center , ក្រុមហ៊ុន Mob Coperation and Emerald +Property Management Co.ltd., និងក្រុមហ៊ុន Paris trading Co.Ltd ។ ប្រទេសដែលត្រូវបានអញ្ជើញអោយចូលរួមនៅក្នុងកិច្ចប្រជុំទ្រង់ទ្រាយធំនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះភាគច្រើនស្ថិតក្នុងតំបន់អាស៊ីអាគ្នេហ៍ ដូចជាចិន,តៃវ៉ាន់,វៀតណាម,ថៃ,កម្ពជាជាដើម ខណៈដែលនៅកម្ពុជាគឺមានក្រុមហ៊ុនរហូតដល់ប្រមាណជា២០ធំៗឯណោះដែលបានដាក់ពាក្យចូលរួមតាមរយៈ ក្រុមហ៊ុន KOTRA ដែលជាអ្នកសម្របសម្រួល ប៉ុន្តែចុងក្រោយគឺមានតែក្រុមហ៊ុន៥ខាងលើមានសិទ្ធិចូលរួម។ ភាគីកូរ៉េ ដែលជាអ្នករៀបចំត្រូវគេដឹងថាជាអ្នកទទួលបន្ទុកលើសំបុត្រយន្ដហោះ ថ្លៃស្នាក់នៅ និងការហូបចុកទាំងស្រុង ទើបគេកត់សម្គាល់ថាកញ្ញា ឌួង ហ្សូរីដា ឡើងកាលីបគួរសម ដែលជោគជ័យក្នុងវិស័យសិល្បៈហើយ មកមានមុខតំណាងអោយក្រុមហ៊ុនមួយចេញទៅប្រជុំក្នុងកម្មវិធីនេះទៀត។

ក្នុងជំនួបតាមទូរសព្ទជាមួយកញ្ញាឌួង ហ្សូរីដា បានបញ្ជាក់នៅថ្ងៃ១៥ កញ្ញាថា កញ្ញាសប្បាយចិត្តដែលមានឱកាសចូលរួមក្នុងវេទិកាតុមូលជាមួយនឹងពាណិជ្ជករធំៗមកពីប្រទេសជាច្រើន ក្នុងពេលដែលនាងទើបតែបានប្រឡូកក្នុងកិច្ចការជំនួញបានមិនច្រើនដូចសមាសភាពភាគច្រើន។ កញ្ញាបញ្ជាក់ថា ហេតុផលដែលកញ្ញាមានមុខទៅកម្មវិធីនេះ គឺដោយសារតែកញ្ញាបាននាំផលិតផលរបស់កូរ៉េមកលក់នៅក្នុងហាងរបស់ខ្លួន ហើយតែងតែLive Video នៅតាមអនឡាញ និងដោយសារតែកញ្ញាមានហាងលក់ទឹកត្រចៀកកាំយីហោ«មុទិតា»ដែលមានគេស្គាល់ភាគច្រើន។
ម្យ៉ាងមកពីក្រុមហ៊ុនរបស់នាងត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្មផង ទើបក្រោយពីមានទំនាក់ទំនងក្នុងការនាំផលិតមកពីកូរ៉េមកលក់ និងបន្ទាប់ពីភាគីកូរ៉េត្រួតពិនិត្យឃើញថាកញ្ញាក៏មានក្រុមហ៊ុនច្បាស់លាស់ជារបស់ខ្លួនក៏អោយសិទ្ធិទៅតែម្ដង។
កញ្ញានិយាយ«ហាងមុទិតារបស់ខ្ញុំពេលនេះ យើងមានផលិតផលcosmetic ល្បីមកពីកូរ៉េជាង១០០មុខឯណ្ណោះ ហើយលក់ដាច់ជាងគេគឺម៉ាសមុខ ឡេការពារកំដៅថ្ងៃ សាប៊ូដុសខ្លួនជាដើម ចំណែកហាងខ្ញុំមួយទៀតគឺ Danama Home ដែលនៅជាប់នោះ ក៏មានផលិតផលរក្សាសម្រស់ ដែលនាំចូលមកពីថៃ និងពីកូរ៉េច្រើនដែរ ទើបអ្នករៀបចំកម្មវិធីនេះជ្រើសរើសអោយខ្ញុំបានទៅ»។

គួរបញ្ជាក់ថា កម្មវិធី«2017 Jeju Island Overseas Buyer Invited Export Business Meeting» គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកជំនាញ ដែលក្រៅពីក្រុមហ៊ុន៥នៅកម្ពុជា គេកត់សម្គាល់ថាសម្រាប់ក្រុមហ៊ុនមកពីចិន តៃវ៉ាន់និងប្រទេសផ្សេងៗដែលត្រូវបានជ្រើសរើស គឺសុទ្ធតែជាក្រុមហ៊ុនធំៗតែម្ដងនៅក្នុងឆ្នាំនេះ។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ ដែលកញ្ញា ឌួងហ្សូរីដា មានឱកាសបានបង្ហាញមុខនៅក្នុងវេទិកាធំៗបែបនេះក្រៅស្រុកនោះទេ ចាប់តាំងពីនាងបានក្លាយជាប្រធានសមាគមតារាបង្ហាញម៉ូតកម្ពុជា(Cambodia Super Model), ម្ចាស់ហាងដាណដាម៉ា ហូម (ដាណាម៉ា កាត់ដេ), ម្ចាស់ផលិតផលភេសជ្ជៈទឹកមាត់ត្រចៀកកាំមុទិតា,ម្ចាស់ហាងមុទិតា(Beauty Shop) ជាសមាជិកសមាគមសហគ្រិនស្រី្ដកម្ពុជា(CWEF) និងជាសមាជិកCeo Master Club (ក្លឹបអ្នកជំនួញ) នាពេលចុងក្រោយ៕

មតិយោបល់