ព័ត៌មានជាតិ

លួចកាបូបគេបានសម្រេច តែស៊យធំ ត្រូវប៉ូលិសចាប់ខ្លួន!

តាកែវៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចកាបូបលុយគេបានសម្រេច។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីយប់ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតូបលក់ដូរផ្លូវចូលទៅវត្តអង្គ ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនសង្ស័យខាងលើនេះមានឈ្មោះ ចំរើន ច័ន្ទរី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ បានលួចធ្វើសកម្មភាព លួចកាបូបលុយរបស់ឈ្មោះ យ៉េន ខ្មៅ ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលកាបូបនោះមានគ្រឿងអលង្ការមួយចំនួនដូចជា ក្រវិលប្លាកទីន១គូ តម្លៃ១០៥ដុល្លារ, ចិញ្ជៀនប្លាទីន១វង់ តម្លៃ៥៥ដុល្លារ, លុយដុល្លារចំនួន៥០ដុល្លារ ,ប្រាក់រៀលចំនួន២០០,០០០រៀល និងខ្សែ.កមាសចំនួន ២.៣ជី។

មូលហេតុដែលនាំឲ្យកើតករណីនេះ គឺដើមដំបូងជនសង្ស័យបានយកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ តាកែវ 1J-1235 ទៅបញ្ចាំឲ្យឈ្មោះ សុខ ផាន្នី ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចកើតហេតុខាងលើក្នុងតម្លៃ៣០០ដុល្លារ ដោយមានធ្វើលិខិតស្នាមត្រឹមត្រូវ។ លុះក្រោយមកជនសង្ស័យក៏បានមកទារលុយថែមចំនួន៥០ដុល្លារបន្ថែមទៀត ជាហេតុនាំឲ្យឈ្មោះ សុខ ផាន្នី ចាប់អារម្មណ៏សង្ស័យក៏នាំកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលកំណប់ ដើម្បីឲ្យសមត្ថកិច្ចរក្សាទុក ។ បន្ទាប់មកជនសង្ស័យ ក៏បានមកធ្វើសកម្មភាពលួចសម្ភារៈនៅតូបលក់ដូររបស់ជនរងគ្រោះតែម្តង។ ភ្លាមៗនោះ ឈ្មោះ សុខ ផាន្នី ក៏តាមចាប់ជនសង្ស័យបានប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយមកសមត្ថកិច្ចធ្វើការសាកសួរជុំវិញករណីលួចខាងលើ និងស្រាវជ្រាវចំពោះបញ្ហាម៉ូតូទើបជនសង្ស័យសារភាពថា ម៉ូតូដែលបញ្ចាំ នេះ គឺខ្លួនពិតបានលួចនៅចំណុចផ្ទះសំណាក់ទឹកឈូរ ស្ថិតក្នុងភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយប្រការដែលខ្លួនលួចបញ្ចាំនោះគឺ ខ្លួនកុហកឈ្មោះ សុខ ផាន្នី ដើម្បីឲ្យគេជឿជាក់មកលើខ្លួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការផ្លូវច្បាប់បន្តទៀត៕

មតិយោបល់