សហរដ្ឋអាមេរិក៖ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 8 និង X នឹងមិនគាំទ្រជាមួយបណ្តាញ 4G ឬ LTE ថ្មីរបស់ក្រុមហ៊ុន T-Mobile ដែលបានទិញពីក្រុមហ៊ុន FCC កាលពីដើមឆ្នាំមុន តម្លៃ ៨ ពាន់លានដុល្លារ ដើម្បីពង្រីកដែនសេវាខ្លួននោះទេ។
ទូរសព្ទដៃស៊េរីថ្មីទាំងពីម៉ូឌែល ត្រូវបានគេរកឃើញថាខ្វះនូវស្តង់ដាបណ្តាញដែលត្រូវការចាំបាច់ដើម្បីតភ្ជាប់ជាមួយបណ្តាញ LTE ថ្មីរបស់ T-Mobile ដែលប្រើហ្រ្វេកង់ ៦០០ មេហ្គាហឺត និងអាចគ្របដណ្តប់ដែលសេវាកាន់តែប្រសើរនៅក្នុងអគារ និងនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសអាមេរិក។
កង្វះខាតនេះដែរ ត្រូវបានតំណាងរបស់ក្រុមហ៊ុនម្នាក់បានចេញមុខទទួលស្គាល់នៅថ្ងៃសុក្រសប្តាហ៍មុន តាមទំព័រ Twitter មួយ។ បើតាមលក្ខណៈសម្បត្តិបច្ចេកទេសរបស់ iPhone ទាំងពីរទៀតសោទ ក៏ពុំបង្ហាញពីការគាំទ្រជាមួយបណ្តាញ Band71 ដែលត្រូវការចាំបាច់សម្រាប់តភ្ជាប់ជាមួយបណ្តាញ LTE កម្រិតហ្រ្វេកង់ថ្មីនេះដែរ។
នេះគឺជាដំណឹងក៏គួរឱ្យខកចិត្តមួយសម្រាប់អតិថិជនក្រុមហ៊ុនបណ្តាញសេវាទូរសព្ទចល័តអាមេរិក ដែលកំពុងគ្រោងនឹងទិញ iPhone ស៊េរីចុងក្រោយទាំងនេះ ប៉ុន្តែ ពួកគេក៏នៅតែអាចប្រើបណ្តាញ LTE មានស្រាប់របស់ក្រុមហ៊ុនបានដដែល។
ទោះយ៉ាងណា រហូតមកទល់ពេលនេះ ពុំមានទូរសព្ទម៉ូឌែលណាគាំទ្រជាមួយបណ្តាញ 4G ថ្មីនេះនៅឡើយ ថ្វីត្បិតក្រុមហ៊ុន T-Mobile និយាយថា ស្មាតហ្វូនពីក្រុមហ៊ុន Samsung និង LG នឹងអាចគាំទ្របាននៅត្រីមាសទី ៤ ឆ្នាំ ២០១៧។
ចំពោះ iPhone វិញ ដោយសារតែនេះគឺជាបញ្ហាផ្នែក Hardware ដូច្នេះ ការធ្វើបច្ចុប្បន្នភាពផ្នែក Software នៅលើប្រព័ន្ធ iOS នឹងមិនអាចដោះស្រាយបានឡើយ៕
ប្រភពព័ត៌មានៈ businessinsider
មតិយោបល់