ក្រចេះ: ជនសង្ស័យជាគ្រូបង្រៀនម្នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលនៃអធិការដ្ឋានស្រុកសំបូរ ធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបាន ក្រោយពីរកឃើញថា គ្រូបង្រៀនម្នាក់នេះ បានល្បូងសិស្សស្រីរហូតដល់ទៅ៣នាក់ ទៅរំលោភសេពសន្ថវៈជាបន្តបន្ទាប់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលទីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ តាមពាក្យបណ្តឹងរបស់អាណាព្យាបាលជនរងគ្រោះ។
ជនសង្ស័យខាងលើនេះមានឈ្មោះខៃ សុវុត្ថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃខែមិនចាំ ឆ្នាំ២០១៧ វេលាម៉ោង២រសៀល ជនសង្ស័យជាគ្រូបង្រៀនរូបនេះ បានបបួលសិស្សឈ្មោះ ឡ.ស.ន អាយុ៨ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា ដោយធ្វើល្បិចថាទៅបេះផ្លែល្មុត លុះដល់កន្លែងស្ងាត់ក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈនាងបានសម្រេច រួចឲ្យនាងត្រឡប់ទៅផ្ទះវិញ។ លុះដល់ថ្ងៃខែមិនចាំ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១០ ជនសង្ស័យដដែលនេះ បានប្រើឲ្យសិស្សឈ្មោះ ឆ.ស.ម អាយុ១១ឆ្នាំ ឲ្យទៅកាច់រំពាត់នៅក្នុងព្រៃក្រោយសាលារៀនជាមួយខ្លួន លុះដល់កន្លែងស្ងាត់ក៏លួងលោមឲ្យជនរងគ្រោះ ស្រាតសម្លៀកបំពាក់ធ្វើសកម្មភាពរំលោភបានសម្រេច រួចឲ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។ មកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ វេលម៉ោង២រសៀល ជនសង្ស័យបានហៅសិស្សឈ្មោះ ណ.ស.ណ អាយុ៧ឆ្នាំ ឲ្យទៅបោចវល្លិ៍នៅក្នុងព្រៃដើម្បីយកមកផ្សំថ្នាំស្រោចបន្លែជាមួយខ្លួន ពេលចូលដល់ព្រៃស្ងាត់ក៏បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស់ទៅលើក្មេងស្រីរងគ្រោះរួចក៏ឲ្យជនរងគ្រោះត្រឡប់ទៅវិញ។ នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាច កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំបូរ ទទួលបានព័ត៌មានពីលោកមេភូមិកោះដំបង ក្រោយពីទទួលបានព័ត៌មានភ្លាមជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកសំបូរ ធ្វើការកោះហៅជនសង្ស័យមកសាកសួរបំភ្លឺតែគេពុំព្រមឆ្លើយសារភាពទេ។ ក្រោយមកដោយមានបញ្ជាពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ឲ្យនាំក្មេងស្រីរងគ្រោះទាំង៣នាក់ទៅធ្វើកោសល្យវិច័័យនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ រួចលទ្ធផលបានបញ្ជាក់ថា វិជ្ជមាន ។ ទើបមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទីរសៀល ទើបជំនាញអធិការដ្ឋាននគរបាលស្រុកសំបូរ ចុះទៅឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់