ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតបង្កដោយរថយន្តហាយឡែនឌ័រ បើកលឿនរ៉េចង្កូតបុកម៉ូតូមួយគ្រឿង បណ្តាលអោយបុរសម្នាក់រងរបួសស្រាល រួចបន្តទៅបុករបាំងនាគពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ទៅមុខលែងរួច បណ្តាលអោយរថយន្តរងការខូចខាត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ទល់មុខច្រកចូលផ្សារសុវណ្ណា តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កមានម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ កណ្តាល2A-8991 បើកបរដោយយុវជនម្នាក់មិនប្រាប់អត្តសញ្ញា ចំណែកម៉ូតូរងគ្រោះម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CM-6069។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងខាងលើ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ស្របពេលដែលមកដល់កើតកន្លែងកើតហេតុ ម៉ូតូជនរងគ្រោះខាងលើបានបត់ឆ្វេងបម្រុងឆ្លងផ្លូវចូលច្រកផ្សារសុវណ្ណា ភ្លាមនោះស្រាប់តែមានរថយន្តហាយឡែនឌ័រ បង្កហេតុខាងលើបានបើកបុកពីក្រោយ បណ្តាលអោយម្ចាស់ម៉ូតូដួលរងរបួសនិងម៉ូតូរងការខូចខាត ប៉ុន្តែរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះ គឺបានបន្ថែមល្បឿនបន្តរហូតប្រមាណជាង១០ម៉ែត្រក៏បានរ៉េចង្កូតជ្រុលទៅបុករបាំនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់បន្ថែមទៀត បណ្តាលអោយរថយន្តខូចផ្នែកខាងមុខហៀរប្រេងម៉ាស៊ីនទើបទៅមុខលែងរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗម្ចាស់ម៉ូតូដែលរងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ រីឯម៉ូតូនិងរថយន្តនគរបាលចរាចរណ៍ខណ្ឌមានជ័យបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកបណ្ណោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕
https://youtu.be/vLBkCBB_Cgw
មតិយោបល់