ខេត្តកណ្តាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក ស្ថិតនៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សភាពរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ មានប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹកមួយ នៅក្នុងប្រឡាយទឹកវិរះប្រាំ ដែលមានទទឹង៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុក និងអាជ្ញាធរភូមិឃុំ គ្រូពេទ្យ ដើម្បីចុះមកពិនិត្យសាកសពអណ្តែតទឹកនោះ ។ ការពិនិត្យសាកសពឃើញថាសាកសពស្លាប់ដោយសាររឹតក និងឆក់ (ឃាតកម្ម) ។
ផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាំង ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថាខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ជាអ្នកសម្លាប់ប្តីរបស់ខ្លួន ដោយធ្វេីការឆក់ និងរិតក សម្លាប់ ។ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់ ។
រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ ។
បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕
មតិយោបល់