ភ្នំពេញៈ យោងតាមសមត្ថកិច្ចខណ្ឌមានជ័យ បានឱ្យដឹងថា បុរសម្នាក់ដែល រំលោភកុមារីវ័យ១១ឆ្នាំ ត្រូវបាន លោក លី លឹបម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូង រាជាធានីភ្នំពេញ ចេញដីកា បង្គាប់ឱ្យ ឃុំខ្លួនជាបណ្តោះនៅពន្ធនាគារព្រៃស ហើយ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញ។
ប្រភពបន្តថា លោក ហោ លីណា ជាតំណាងអយ្យការ បានចោទប្រកាន់លើឈ្មោះ នុំ ចាន់ណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិសន្សំ៥ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសន្សំ៥ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ យោងតាមមាត្រា ២៣៩ និងមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានចេញមករត់លេងនៅខាងក្រៅបន្ទប់ផ្ទះជួល ជាមួយក្មេងៗក្នុងភូមិ២ ទៅ៣នាក់ផ្សេងទៀត។ លុះមួយសន្ទុះក្រោយមកក្មេងៗ ភូមិទាំងនោះបានត្រឡប់ទៅផ្ទះវិញអស់ ជនសង្ស័យឃើញក្មេងស្រីរងគ្រោះឈរតែម្នាក់ឯង ក៏ចាប់ខ្ទប់មាត់ចូលក្នុងបន្ទប់ផ្ទះជួលអ្នកជិតខាងក្បែរនោះ និងរំលោភ ដោយប្រើដៃលេងប្រដាប់ភេទក្មេងស្រីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
ក្រោយពីរំលោភជនរងគ្រោះរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
មតិយោបល់