ភ្នំពេញៈ លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានប្រាប់Post News ថា កាលពីវេលាម៉ោង៩និង៥៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់នៅចំណុចផ្សារកាប់គោ ផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា កន្លងមកជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចំនួន២លើក ដោយលើកទី១ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨និង៤៥នាទីយប់ ឆក់កាបូបស្ពាយពីស្រ្តីជនជាតិអូស្រ្តាលី ឈ្មោះ JULIA SCHMALFUSS អាយុ២៥ឆ្នាំ មុខបរទេសចរ ស្នាក់នៅសណ្ឋាគារ TEAHOUSE URBAN ASIAN HOTEL ដែលក្នុងនោះមានទូរសព្ទដៃម៉ាកសាំស៊ុងអេស១ ចំនួនមួយគ្រឿង, ប្រាក់ដុល្លារប្រហែល ៥០០ដុល្លារអាមេរិក និងឯកសារមួយចំនួន នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវ ព្រះនរោត្តម កែងផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លើកទី២ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២រៀល ឆក់ទូរសព្ទដៃមួយគ្រឿងម៉ាកIPhone6 នៅចំណុចមុខសាលាព្រះយុគន្ធរ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះ ភេទស្រី មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកង២ ទេ។
ចំណែកជនសង្ស័យទាំង២នាក់ទី១មានឈ្មោះ អ៊ាង សេងថៃ ហៅ កណ្តុរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ៣៥៧ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២ឈ្មោះ សូ សុវណ្ណារត្ន័ ហៅរត្ន័ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដកហូតបានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1FG-6283។
បច្ចុប្បន្ន ការិយាល័យកំពុងរៀបចំបែបបទបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់