ព័ត៌មានជាតិ

លួចម៉ូតូរបស់បុគ្គលិកហាងអិមធូ មិនសម្រេច ត្រូវពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿង តែមិនបានសម្រេច ខណៈម្ចាស់ (អ្នកខ្ចីម៉ូតូ) ឃើញទាន់ក៏ស្រែកថាចោរៗផ្អើលប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកក់១។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៨៧ កែង៥៦៦ ចំណុចទល់ហាងអិមធូក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ រ័ត្ន សីហា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩ ផ្លូវ៥៧៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូមានឈ្មោះ ឈឹម ជ្រា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខហាងអិមធូ និងអ្នកខ្ចីម៉ូតូជិះឈ្មោះ ជិន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិករត់តុហាងអិមធូ អ្នកទាំង២ស្នាក់ក្នុងហាងអិមធូជាមួយគ្នា។

ចំណែកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចតែមិនបានសម្រេចនោះម៉ាកឃ្លីក ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1AF-9135។

ប្រភពព័ត៌មានពីឈ្មោះ ជិន សំណាង បានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានខ្ចីម៉ូតូពីឈ្មោះ ឈឹម ជ្រា ជិះរួចដឹកខោអាវពីផ្សារសាំហាន់មកទុកនៅមុខហាងអិមធូ ដោយមិនបានដកសោម៉ូតូនោះទេ ខណៈពេលយកខោអាវចេញពីម៉ូតូទៅទុកក្នុងហាង ស្រាប់តែជនសង្ស័យធ្វើសកម្មភាពជិះម៉ូតូបានបន្តិចក៏ត្រូវខ្លួនឃើញទាន់រត់ទៅចាប់ម៉ូតូូជាប់ហើយជនសង្ស័យផ្តួលម៉ូតូរត់ខ្លួនក៏ស្រែកថាចោរៗត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកក់១តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍បឹងកក់១បានទៅដល់កន្លែងកើតហេតុ និងនាំជនសង្ស័យមកសាកសួរនិងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់