ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសចំណាស់ម្នាក់ ពាក់ព័ន្ធករណីជួញដូរមនុស្ស

កំពង់ចាមៈ ករណីនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់ ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេកនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានបង្ក្រាបតាមដីកា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានលោក សួន សំណាង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៦១០ តព្រ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់ ដែលប្រព្រឹត្តទៅលើជនរងគ្រោះឈ្មោះ ស.ម ភេទស្រី អាយុ១៦ឆ្នាំ
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេកនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានបង្ក្រាបតាមដីកា បទល្មើសនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យគឺឈ្មោះ បាន ផុន ភេទប្រុស អាយុ៦២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិឈើទាលស្រុតលើ ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិមាត្រា ៩ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ៕

មតិយោបល់