ព័ត៌មានជាតិ

បុរសម្នាក់ ជិះកង់ឆ្លងផ្លូវត្រូវរថយន្តបុកទាំងកំរោល ស្លាប់យ៉ាងរន្ធត់!​

តាកែវៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយត្ន័ បានបើកទៅបុកបុរសម្នាក់ ដែលកំពុងជិះកង់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ១០៩-១១០ ភូមិចុងអង្គរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4935 បើកបរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកអ្នកជិះកង់ឈ្មោះ បាន រស់ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិចុងអង្គរ ឃុំពេជសារ ស្រុកកោះអណ្តែត ទាំងកំរោល ខណៈដែលគាត់កំពុងជិះកង់ក្នុងទិសដៅពីកើតឆ្លងផ្លូវរួចបត់ឆ្វេង បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុ រថយន្តនិងកង់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយបន្តទៀត។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់