ព័ត៌មានអន្តរជាតិ

ខណៈសង្គ្រាមវោហាសាស្ត្រកាន់តែក្ដៅ ជាមួយមហាអំណាច កូរ៉េខាងជើងនៅមិនទាន់មានឥរិយាបថយោធាផ្លាស់ប្តូរនោះទេ

អាមេរិកៈ ឧត្តមសេនីយ៍កំពូលរបស់អាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា មកទល់ពេលនេះ កូរ៉េខាងជើង នៅពុំទាន់មានឥរិយាបថយោធារបស់ខ្លួនផ្លាស់ប្តូរនោះទេ បើទោះបីមានការឌឺដងវោហាសាស្ត្រ ជាមួយសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

ឧត្តមសេនីយ៍ Joseph Dunford ជាប្រធាន​នាយសេនាធិការ​ចម្រុះ​អាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខណៈដែលនយោបាយប្រទេសទាំងពីរ ត្រូវបានបង្ហាញយ៉ាងច្បាស់ថា កាន់តែមានភាពតានតឹងដាក់គ្នានោះ មកទល់ពេលនេះ យើងមិនបានឃើញមានការផ្លាស់ប្តូរឥរិយាបថយោធា ពីសំណាក់កូរ៉េខាងជើងទ្បើយ ហើយយើងក៏នឹងបន្តឃ្លាំមើលយ៉ាងដិតដល់ ចំពោះបញ្ហានេះផងដែរ»។

គួររំឭកថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងចាប់តាំងពីកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ ដ៏មានសក្ដានុពលបំផុតរបស់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញាកន្លែងទៅ ដែលបានឈានទៅដល់ការប៉ះទង្គិចវោហាសាស្ត្រ រវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងកាន់តែខ្លាំងទ្បើង ក្នុងរយ:ពេលថ្មីៗនេះ ជាមួយនឹងគំរាមកំហែង ព្រមទាំងការប្រមាថដាក់គ្នាទៅវិញទៅមក៕

មតិយោបល់