ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធករណីចែកចាយ គ្រឿងញៀន២៥កញ្ចប់តូច ១កញ្ចប់ធំត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន និងដកហូតបានប្រភេទក្រាមសថ្លា ២៥កញ្ចប់តូច ១កញ្ចប់ធំ។

ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិ៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ឡេង វ៉ា ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ដកហូតបានសារធាតុញៀនបានចំនួន៦កញ្ចប់តូច។

ជនសង្ស័យទី២ជាស្រី្តពោះធំ ឈ្មោះ ឈន ស្រីម៉ៅ ភេទស្រី អាយុ២៧ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិ៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដកហូតបានសារធាតុញៀនបានចំនួន១៩កញ្ចប់តូចនិង១កញ្ចប់ធំ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលឈានដល់ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ កម្លាំងជំនាញនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានធ្វើការស្រាវជ្រាវ រហតូដល់ព្រឹកថ្ងៃទី២៧ នេះ បានដឹកនាំកម្លាំងប៉ុស្តិ៍ចុះប្រតិបត្តិការ ឃាត់ខ្លួនជាក់ស្ដែង បុរសម្នាក់ ដកហូតបានសារធាតុញៀនចំនួន៦កញ្ចប់តូច និងស្រ្តីពោះធំម្នាក់ បានលាក់សារធាតុញៀននៅក្នុងខោទឹកនោម របស់កូន ត្រូវបាននគរបាលឆែកឆេរកឃើញ សារធាតុញៀនចំនួន១៩កញ្ចប់តូចនិង១កញ្ចប់ធំ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់ត្រូវបានកម្លាំងនគរបាលនាំយកទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់