កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តហាយឡែនឌ័រ បានបើកបុកក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ១៧៤-១៧៥ ភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7243 បើកបរពីលិច ទៅកើត ដោយឈ្មោះ ជា ឧត្តម ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរត់គេចខ្លួនក្រោយពីបានបើករថយន្ត បុកក្មេងប្រុសឈ្មោះ ចិះ បញ្ញា ភេទប្រុស អាយុ៧ឆ្នាំ ស្នាក់នៅភូមិសេរីវង្ស ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលរត់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យឯកជន៥១៥ កំពង់ធំ។
ក្រោយកើតហេតុ រថយន្តខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត។ចំណែកសពក្មេងប្រុសខាងលើ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់