ព័ត៌មានអន្តរជាតិ

អាមេរិក ចង់បញ្ចៀសការប្រឈមមុខផ្នែកយោធាជាមួយកូរ៉េខាងជើង ដោយស្វែងរកដំណោះស្រាយនៅចិន ក្នុងការដាក់សម្ពាធលើក្រុងព្យុងយ៉ាង

ចិន: រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson នៅថ្ងៃសៅរ៍នេះ នឹងធ្វើកិច្ចចរចាថ្នាក់កំពូល នៅក្នុងប្រទេសចិន ក្នុងគោលបំណងដើម្បីរឹតបន្តឹងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ដោយសង្ឃឹមថា នឹងបង្ខំឲ្យរបបមួយនេះ ព្រមបញ្ឈប់ការជំរុញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

អាមេរិក បានសម្លឹងឃើញថា ចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងជើង ដែលការចូលរួមកិច្ចសហប្រតិបត្តិការរបស់ក្រុងប៉េកាំង ពិតជាមានសារ:សំខាន់ណាស់ ក្នុងការបញ្ចៀសការប្រឈមមុខដាក់គ្នា ផ្នែកយោធាជាមួយក្រុងព្យុងយ៉ាង ខណ:របបមួយនេះ កំពុងពន្លឿនគោលដៅរបស់ខ្លួន ឆ្ពោះទៅរកការបង្កើតមីស៊ីល មានសមត្ថភាពបំពាក់ក្បាល់គ្រាប់នុយក្លេអ៊ែរ ដែលអាចវាយប្រហារដល់ទឹកដីអាមេរិក។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមមន្ត្រីក្រុងវ៉ាស៊ីនតោន បាននិយាយថា ក្រុងប៉េកាំងហាក់ដូចជាមានឆន្ទ:កាន់តែខ្លាំងឡើង ដើម្បីកាត់បន្ថយប្រាក់ចំណូលសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ស្របតាមការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

សូ​មជំរាបថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ កាន់តែខ្លាំងទ្បើង ដែលត្រូវបានគេជឿថា អាមេរិក នឹងមានផែនការបង្កើនចំនួនទ្រព្យសម្បត្តិយោធា ជាយុទ្ធសាស្ត្ររបស់ខ្លួន នៅលើទឹកដីកូរ៉េខាងត្បូង ដែលជាតំបន់យោធានៃប្រទេសទាំងពីរ ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តរបស់អាមេរិក៕

មតិយោបល់