តាកែវៈ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាមុខសញ្ញាក្នុងករណីមនុស្សឃាត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ។
ជនសង្ស័យខាងលើមានឈ្មោះ សុខុម ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ។
គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ មានករណីហិង្សាមួយកើតឡើងក្នុងវង់រាំធុងបាសលក់សំបុត្រ នៅសាលាបឋមសិក្សាវត្តព្រៃជា ស្ថិតក្នុងភូមិព្រៃស្វា ឃុំពត់សរ ស្រុកបាទី ដែលបង្កឡើងដោយជនសង្ស័យខាងលើ និងបក្សពួកចំនួន២នាក់ទៀតមានឈ្មោះ ផាត់ វី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ ។ ក្នុងពេលកើតហេតុជនសង្ស័យឈ្មោះ សុខុម ចិត្រា បានយកកូនពូថៅកាប់ទៅលើជនរងគ្រោះមានឈ្មោះ យ៉ុម យ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ ចំផ្លោកនោម ខណៈនោះជនសង្ស័យឈ្មោះ ផាត់ វី និងបក្សពួកម្នាក់ទៀតបានចូលវាយដោយដៃបន្ថែមទៀតបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ក្រោយពេលកើតហេតុត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯជនសង្ស័យនិងបក្សពួកបានរត់គេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី២៤ ចែកញ្ញា ឆ្នាំ២០១៧ ជនរងគ្រោះខាងលើបានស្លាប់នៅមន្ទីរពេទ្យ ។ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នេះទើបបងស្រីជនរងគ្រោះ មានឈ្មោះ យ៉ុម សំណាង អាយុ៣៦ឆ្នាំ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកបាទី តែម្តង ។
ដោយមានកាបញ្ជារដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាកខេត្ត កម្លាំងជំនាញ បានធ្វើការស្រាជ្រាវភ្លាម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខុម ចិត្រា ដែលជាជនដៃដល់ក្នុងករណីខាងលើបាន ។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង និងបន្តស្រាជ្រាវស្វែងរកចាប់ខ្លួនបក្សពួកជនសង្ស័យខាងលើដែលកំពុងរត់គេចខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន៕
មតិយោបល់