ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាដោយចេតនា

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនា ចំណុចកើតហេតុផ្ទះលក់គ្រឿងសំណង់ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កណ្ដាល ។

ជនសង្ស័យឈ្មោះ ឯម សារុំ ហៅស្វិត ភេទប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ឥដ្ឋតាន់ចំនួន០២ដុំ (របស់ជនសង្ស័យ) ។

នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ និងមិត្តភក្តិកំពុងតែអង្គុយផឹកស្រាបៀ នៅមុខផ្ទះលក់គ្រឿងសំណង់របស់ឈ្មោះ សាយ ពេលនោះស្រាប់តែជនសង្ស័យ ក្នុងស្ថានភាពស្រវឹងបានជិះម៉ូតូចូលផ្ទះរបស់ខ្លួន ដែលនៅក្បែរគ្នា រួចដើរចេញមកឃើញប្រពន្ធរបស់ខ្លួន កំពុងអង្គុយលេងនៅក្បែរជនរងគ្រោះ ក៏បានរើសដុំឥដ្ឋតាន់ចំនួនពីរដុំគប់មកលើប្រពន្ធ និងជនរងគ្រោះតែមិនត្រូវទេ ឃើញដូចនេះជនរងគ្រោះ បានដើរទៅសួរនាំជនសង្ស័យ តែត្រូវជនសង្ស័យវាយមួយដៃចំច្រមុះហូរឈាម ហើយក៏មានការវាយប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះរងរបួស ហើមប្រអប់ដៃខាងស្តាំ ហើយត្រូវបានអ្នកជិតខាងចាប់បំបែកចេញទៅ ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ ជួយអន្តរាគមន៍ ធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ រួចបញ្ជូនបន្តមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់