ព័ត៌មានជាតិ

តុលាការ សម្រេចឃុំខ្លួន ព្រះគ្រូ ហោរា អគ្គីនេត្រ នៅព្រៃស

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា សម្រេចបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ ឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ជាបណ្ដោះអាសន្នហើយនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោក កុល ប៊ុន ជាតំណាងអយ្យការបានបញ្ជាក់តាមទូរសព្ទថា ក្រោយពីបានពិនិត្យសំណុំរឿង និងបើកការស៊ើបសួរនោះ លោកបានសម្រេចចោទប្រកាន់លើឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ភេទប្រុស ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកថា ជនត្រូវចោទឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។

ក្រោយឃាត់ខ្លួនជនត្រូវចោទខាងលើ សមត្ថកិច្ច បានបញ្ជូនខ្លួនជនត្រូវឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ទៅតុលាការ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញដើម្បីចាត់ការតាមនីតិវិធី៕

https://youtu.be/wK6Cgvh3I9w

មតិយោបល់