ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរដោយសារតែត្រូវរថយន្ដបុកពេញទំហឹង បណ្ដាលឲ្យប៉ើងខ្ទាតជិត១០ម៉ែត្រ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយមហាវិថីព្រះនរោតម្ដកែង និងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AG 8490 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោតម្ដទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AF 2351 បើកបរដោយបុរសជនជាតិកូរ៉េ និងរួមជាមួយនារីខ្មែរម្នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិចយ៉ាងលឿនបំណងឆ្លងមហាវិថីព្រះនរោតម្ដមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យម៉ូតូអូសជិ១០ម៉ែត្រ និងម្ចាស់ម៉ូតូរងរបួសបែកមុខបែកមាត់រងរបួសធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តព្រមសងថ្លៃការខូចខាត និងព្យាបាលរបួសទៅឲ្យភាគីរងគ្រោះចំនួន២៧០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើហេតុតែម្ដង ព្រោះមិនចង់មានរឿងវែងឆ្ងាយ និងមិនចង់រំខានដល់សមត្ថកិច្ច ផងដែរនោះ៕
មតិយោបល់