ព័ត៌មានជាតិ

បើកម៉ូតូបត់មិនសុីញ៉ូ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពីក្រោយបណ្តាលឲ្យរងរបួសជើងម្ខាង

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូឌ្រីមសង់សេ១២៥មួយគ្រឿង បើកបត់ចូលផ្សារនាគមាសមិនកាច់សុីញ៉ូ ត្រូវបានម៉ូតូគុបជិះដោយយុវជនម្នាក់បើកបុកពីក្រោយបណ្តាលឲ្យរងរបួសជើងខាងឆ្វេងធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែង និងផ្លូវ២៣៤ មុខផ្សារនាមាស ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1J-5289 ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំតាមផ្លូវ២៣៤ចូលមកផ្សារនាគមាសមិនបានកាច់ភ្លើងសុីញ៉ូក៏ត្រូវបានម៉ូតូមួយគ្រឿងម៉ាកគុបមូល ពណ៌ខ្មៅ ស្លាកលេខស៊េរីចាស់ ន-0718ភព-1 ជិះដោយយុវជនម្នាក់បើកមកពីក្រោយស្របទិសដៅគ្នាបុកពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូសង់រងរបួសជើងខាងស្តាំធ្ងន់។ ចំណែកខាងម្ចាស់ម៉ូតូគុបរងរបួសស្រាល ចំណែកម៉ូតូទាំង២គ្រឿងខូចខាតបន្តិចបន្តួចដូចគ្នា។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលជាងកន្លះម៉ោងទើបខាងម៉ូតូគុបសុខចិត្តចេញថ្លៃព្យាបាលទៅខាងម្ចាស់ម៉ូតូសង់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់