ព្រះសីហនុៈ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២និង០០នាទីយប់ នៅចំណុចផ្លូវដំណាក់ស្តេច ស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា (ទៅលើជនជាតិចិន)មួយកើតឡើង បង្កឡើងដោយជនសង្ស័យ៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពប្រើដាវ កាប់និងវាយ ទៅលើបុរសជនជាតិចិនម្នាក់ ខណៈដែលជនរងគ្រោះកំពុងឈរបតជើងតូច បណ្តាលឲ្យរងរបួសជាទម្ងន់។
លុះនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣និង៣០នាទី នៅចំណុច ផ្លូវកាស៊ីណូ ឡាយអ៊ិនស៊ីធី ចាស់ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា ( ទៅលើជនជាតិចិន ) ចំនួន២ករណីទៀតបានកើតឡើងជាបន្តបន្ទាប់ បង្កឡើងដោយជនសង្ស័យ៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ប្រើដាវ កាប់និងវាយ ទៅលើបុរសជនជាតិចិន២នាក់ ខណៈដែលជនរងគ្រោះកំពុងដើរតាមផ្លូវ បណ្តាលឲ្យរងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅ រាជធានីភ្នំពេញ ភ្លាមៗ ។
បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួចបន្តទៅឃាត់ខ្លួនបក្ខពួករបស់ពួកគេបានម្នាក់ទៀត។
ជនរងគ្រោះទាំង២លើក៖ ទី១រងគ្រោះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ LIANG GUIBIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ HUNG LEI លិខិតឆ្លងដែនលេខៈ EE៤៤១២៤០៨ ស្នាក់នៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
ទី២៖ រងគ្រោះនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានចំនួន២នាក់៖ ១-ឈ្មោះ ZHOU WENBING ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅកាស៊ីណូយ៉ាឌួលី ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។ និង២ឈ្មោះ WANG SI REA ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន៣នាក់៖ ១-ឈ្មោះ យ៉ា សុក្រី ហៅកា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ អ្នកបើកម៉ូតូ )។ ទី២ឈ្មោះ ហាស់ អាល់ហ្វារី ហៅ ឌួង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់ ) ។
៣-ឈ្មោះ ធឿន សាធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់ ) ។
វត្ថុតាងចាប់យកបាន៖ ដាវ១ដើម(ឧបករណ៍ធ្វើសកម្មភាព),ដំបងដែករលាស់ ០១ដើម ( ឧបករណ៍ធ្វើសកម្មភាព),ម៉ូតូ១គ្រឿង ម៉ាក វេវ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ១FP-៨៨១២ ( មធ្យោបាយជិះធ្វើសកម្មភាព )។
ជនសង្ស័យទាំង ០៣នាក់នេះ បានសារភាពនៅសកម្មភាពដែលពួកគេ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ( ទៅលើជនជាតិចិន ) ដូចដែលបានកើតឡើងខាងលើពិតប្រាកដមែន ដោយសារ ជនសង្ស័យបានខឹងនិងជនរងគ្រោះ ដែលបានមកផឹកស៊ីនៅលើផែទូកទេសចរណ៍ ហើយចាប់អោបមិត្តស្រីរបស់ជនសង្ស័យ ជាហេតុធ្វើអោយជនសង្ស័យខឹងជាខ្លាំង ក៏នាំគ្នាជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ ទៅតាមកាប់ជនរងគ្រោះតែម្តង ហើយម្យ៉ាងវិញទៀត ក្រុមជនសង្ស័យថា ពួកគេស្អប់ជនជាតិចិន ព្រោះជនជាតិចិនមកដល់ប្រទេសកម្ពុជា នៅពេលដែលផឹកស៊ី និងចេញពីធ្វើការ ដើររញ៉េរញ៉ៃពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់ ពេលពួកគេស៊ីប្លេរ
ម៉ូតូឲ្យជៀស បែរជាស្រែជេរពួកគេទៅវិញ ។
ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕
មតិយោបល់