ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង បើកបត់ចូលក្នុងបុរី ត្រូវម៉ូតូសណ្តោងរ៉ឺម៉កបុកពេញទំហឹង រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ដ PORSCH ស៊េរីទំនើបមួយគ្រឿង ខណ:បើកបត់ឆ្លងផ្លូវចូលផ្ទះក្នុងបុរី ត្រូវម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខបុរីមេគង្គឌឹរូយ៉ាល់ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក PORSCH ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-7392 បើកបរដោយនារីរូបស្រស់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6A ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បត់ឆ្វេងឆ្លងផ្លូវចូលក្នុងបុរីមេគង្គឌឹរូយ៉ាល់ ក៏មានម៉ូតូសណ្តោងរ៉ឺម៉កកែច្នៃមួយគ្រឿងទៀត ធ្វើដំណើរបញ្ច្រាសទិសគ្នា មកក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលបុកផ្ទប់រថយន្តចំទ្វារមុខចំហៀងខាងស្ដាំពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរ៉ឺម៉ករងរបួសធ្ងន់ បែកមុខសន្លប់ស្ដូកស្ដឹង ។ ចំណែករថយន្តវិញរងការខូចខាត ធ្លុះទ្វារមុខខាងស្តាំមួយចំហៀងទាំងស្រុង និងផ្ទុះពោងសុវត្ថិភាពចំហៀងទាំងពីរ ។

បន្ទាប់ពីកើតហេតុជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋទាក់ទងហៅរថយន្ដ សង្គ្រោះគ្លីនិកឯកជនមកដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។ ចំណែកម្ចាស់រថយន្ត បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង យករថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក ទៅរក្សាទុកបណ្តោះអាសន្ន នៅស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីផ្លូច្បាប់ ៕

មតិយោបល់