ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត មិនបានសម្រេចនៅស្រុកកៀនស្វាយ

កណ្តាលៈ យុវជនម្នាក់ ត្រូវបានជនសង្ស័យបាញ់នឹងកាំភ្លើងប៉ុនប៉ងមនុស្សឃាត(បាញ់នឹងអាវុធខ្លី)ហេតុការណ៍ដ៏ព្រៃផ្សៃនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវលំទំនប់ដីចិន ក្នុងភូមិឬស្សីស្រុកទី២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ញ៉ាន ពិសី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឬស្សីស្រុកទី២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល រងរបួសកំភួនដៃស្ដាំ ធ្លាយមកត្រូវពោះខាងស្ដាំ។

ចំណែកជនសង្ស័យម្នាក់ឈ្មោះ ឌី វីរៈ ហៅតាក់ ភេទប្រុស
អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ (រត់គេចខ្លួន) និងជាមុខសញ្ញាចេញពីពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន ។ វត្តុតាងចាប់យកក្បាលគ្រាប់កាំភ្លើងខ្លី១គ្រាប់។

សមត្ថកិច្ចបានបន្តថានៅវេលាកើតហេតុខាងលើជនរងគ្រោះបានទៅស៊ីឈ្នួលលីផ្លែចេកស្ទងរបស់ឈ្មោះ ម៉ៅ ស៊ីនឿន ហៅគាំង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ពេលលីផ្លែចេកអស់ជនរងគ្រោះបានដើរត្រឡប់មកផ្ទះវិញ ស្រាប់តែជនសង្ស័យបានយកកាំភ្លើងខ្លី
មិនស្គាល់ម៉ាកបាញ់ជនរងគ្រោះមួយគ្រាប់បណ្ដាលអោយរងរបួសធ្ងន់រួចជិះម៉ូតូម៉ាកនិច ពណ៌ក្រហមគេចខ្លួនបាត់ ។

រីឯជនរងគ្រោះត្រូវបានឈ្មោះ ម៉ៅ ស៊ីនឿន និងឈ្មោះ ពុំ បញ្ញា ហៅ យ៉ែ នាំយកមកព្យាបាលនៅពេទ្យឯកជនឈ្មោះ ចំរើន បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ករណីខាងលើនេះកម្លាំងផ្នែកជំនាញស្រុក រួមសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាល និងអាជ្ញាធរមូលដ្នានភូមិឃុំ កសាងសំណុំ រឿងតាមនីតិវិធី៕

មតិយោបល់