“ប្រសិន Apple លក់ចេញ iPhone X បានកាន់តែច្រើន Samsung នឹងកាន់តែរីករាយ!”
បើទោះបីជាក្រុមហ៊ុន Samsung ផលិត Galaxy S8 និង Note 8 ឡើងដើម្បីប្រកួតប្រជែងជាមួយ iPhone X របស់ក្រុមហ៊ុន Apple ក្តី ក៏ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េ នឹងទទួលបានផលចំណេញយ៉ាងគាប់ប្រសើរពីភាពជោគជ័យនៃការលក់របស់ iPhone លំដាប់កំពូលនេះដែរ។ ដោយ Samsung ត្រូវគេរាយការណ៍ថា នឹងរកប្រាក់បានចំនួន ១១០ ដុល្លារ ពីរាល់ទូរសព្ទ iPhone X មួយគ្រឿងៗ ដែល Apple លក់ចេញ។
មូលហេតុគឺដោយសារតែកញ្ចក់អេក្រង់ Super Retina OLED ដែលយកទៅបំពាក់លើ iPhone ស៊េរីខ្ពស់ផុតលេខនេះ គឺផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung តែមួយគត់ បើទោះបីជា Apple គ្រោងនឹងស្វែករកដៃគូផ្គត់ផ្គង់ផ្សេងទៀត សម្រាប់ iPhone ថ្ងៃអនាគតរបស់ខ្លួនក៏ដោយ។ បន្ថែមពីលើនេះ Samsung ក៏ជាអ្នកផលិតគ្រឿងសម្រាប់បញ្ចូលចរន្តអគ្គិសនី និងថ្មសម្រាប់ iPhone ស៊េរីថ្មីនោះផងដែរ។
យោងតាមរបាយការណ៍ស្រាវជ្រាវពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារបច្ចេកវិទ្យា Counterpoint បានរកឃើញថា Samsung ទំនងជានឹងអាចរកចំណូលសរុបបានប្រមាណ ៤ ពាន់លានដុល្លារ ពីការផលិតគ្រឿងគ្រៅសម្រាប់ iPhone X ហើយចំនួននេះ គឺច្រើនជាងក្រុមហ៊ុនទទួលបានពីការផលិតគ្រឿងគ្រៅសម្រាប់ទូរសព្ទ Galaxy S8 ទៅទៀត។
គួររំឭកថា នៅក្នុងត្រីមាសចុងក្រោយនេះ Samsung ទទួលបានប្រាក់ចំណេញកើន ៧២%។ ក្នុងនោះ មួយភាគធំគឺបានមកពីការកម្ម៉ង់ទិញគ្រឿងគ្រៅពីក្រុមហ៊ុន Apple សម្រាប់ទូរសព្ទដៃ iPhone ម៉ូឌែលបន្ទាប់។ ហើយខណៈដែល Apple កំពុងគ្រោងនឹងជ្រើសរើសអេក្រង់ OLED យកទៅបំពាក់លើស្មាតហ្វូនរបស់ខ្លួននៅឆ្នាំក្រោយទៀត Samsung ក៏កំពុងបង្កើនការវិនិយោគទៅលើការផលិតប្រភេទអេក្រង់ដែលអាចបញ្ចាំងរូបភាពយ៉ាងល្អប្រណិតនេះផងដែរ៕
ប្រភពព័ត៌មានៈ culofmac
មតិយោបល់