អាមេរិកៈ ស្រ្តីម្នាក់ដែលឋិតក្នុងចំណោមហ្វូនមនុស្សរាប់ម៉ឺននាក់កំពុងទស្សនាការប្រគំតន្រ្តីហាលវាលមួយ នាទីក្រុង Las Vegas មានសំណាងខ្ពស់ បានរួចរស់មានជីវិតពីគ្រាប់កាំភ្លើងក្នុងព្រឹត្តិការណ៍បាញ់រះដ៏សម្លាប់រង្គាលមួយ កាលពីយប់ថ្ងៃអាទិត្យ ដោយសារទូរសព្ទ iPhone ពណ៌ផ្កាឈូករបស់នាង។
តាមរូបថតទូរសព្ទដ៏មានពេញនិយម និងដ៏មានតម្លៃបង្ហាញថា ផ្នែកខ្នងរបស់វាត្រូវរងការខូចខាតទាំងស្រុងដោយសារកម្លាំងបុកទម្លុះរបស់គ្រាប់កាំភ្លើងមួយគ្រាប់។
នៅក្នុងហេតុការនោះ គេមិនច្បាស់ថា តើស្រ្តីម្នាក់នោះទុកដាក់ទូរសព្ទរបស់នាងនៅកន្លែងណា ឬដោយរបៀបណានោះទេ ខណៈកំពុងរត់គេចចេញពីការបាញ់ប្រហារដ៏ប្រល័យបំផុតនៅក្នុងប្រវត្តិសាស្រ្តអាមេរិក នាយប់នោះ។
គួររំឭកថា នៅយប់ថ្ងៃអាទិត្យសប្តាហ៍មុននេះ មានខ្មាន់កាំភ្លើងវ័យ ៦៤ ឆ្នាំម្នាក់ឈ្មោះ Stephen Paddock បានបើកការបាញ់ស្រោចទៅលើហ្វូនមនុស្សចំនួន ២២,០០០ នាក់ ដែលកំពុងទស្សនាការប្រគំតន្រ្តីមួយ ពីលើអគារជាន់ទី ៣២ នៃសណ្ឋាគារ និងកាសីណូ Mandalay Bay នាទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្ស ៥៩ នាក់ ស្លាប់ និងរបួស ៥២៧ នាក់ មុនពេលរូបគេបាញ់សម្លាប់ខ្លួនឯង៕
ប្រភពព័ត៌មានៈ dailymail
មតិយោបល់