ព័ត៌មានជាតិ

RANGE ROVER អ្នកបើកស្រវឹងទាំងថ្ងៃ បុកម៉ូតូរទេះលក់បបពីក្រោយ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: យុវជនម្នាក់រងរបួសធ្ងន់ ចំណែកស្ត្រីម្នាក់ទៀតមិនមានរងរបួស បន្ទាប់ពីរថយន្តRANGE ROVER អ្នកបើកបរស្រវឹងជោគទាំងថ្ងៃ បើកបោះពួយលឿនជ្រុលទៅបុកម៉ូតូរទេះលក់បបរ ពីក្រោយពេញទំហឹងរុញទៅប៉ះរថយន្តកូរ៉េមួយគ្រឿងផ្សេងទៀត ខ្ទេចទាំងរថយន្ត ទាំងរទេះបប កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខហាងម៉ូឌែនស៊ីធី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក RANGE ROVER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AM-5996 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំ ក្លិនហួង ។ ចំណែកម៉ូតូរទេះបប ជិះគ្នា២នាក់ មីងនិងក្មួយ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូរទេះលក់បប ជិះ២នាក់មីងក្មួយ បើកដើរលក់បបរ តាមផ្លូវ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកបរទាំងស្រវឹង ល្បឿនលឿន ស្របទិស រេចង្កូតទៅបុក ពីក្រោយ ម៉ូតូរទេះបបរបស់ជនរងគ្រោះ រុញទៅបះ នឹងរថយន្តកូរ៉េមួយគ្រឿងទៀត បើកនៅខាងមុខ បណ្តាលឲ្យរងរបួស យុវជនម្នាក់ជាអ្នកបើកបរម៉ូតូ របួសធ្ងន់បាក់ជើងស្តាំ ឈ្មោះ ផាង សុផាត អាយុ១៧ឆ្នាំ មានស្រុកកំណើត ស្រុករំដួល ខេត្តស្វាយរៀង ចំណែកម្តាយមីង មិនមានរងរបួស រីឯរថយន្តកូរ៉េមួយគ្រឿង ដែលម៉ូតូប៉ះនោះ បានបើកទៅបាត់ សល់តែរថយន្តបង្ក និងអ្នកបើកបរនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែក រថយន្តបង្ក ម៉ូតូអូសរទេះរងខូចខាត បាក់បែកខ្ទេច រួមទាំងអ្នកបើកបររថយន្តបង្កផង សមត្ថកិច្ចចុះទៅពិនិត្យ វាស់វែងរួច យកទៅផ្នែកជំនាញ កសាងសំណុំរឿងតាមនីតិវិធី ៕

 

មតិយោបល់