ព្រៃវែងៈ លោកអធិការស្រុកពារាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូទៅបុកគូថរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលកំពុងឈប់ស្ងៀមពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៧៣-៧៤ ភូមិគ្រួស
ឃំុព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូមួយគ្រឿង ម៉ាកសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ឈ – 5057 ភ.ព.1 បើកបរដោយឈ្មោះ ជឿន ថៃ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិសម្រាប ឃំុព្រៃព្នៅ ធ្វើដំណើពីលិចទៅកើត លុះដល់កន្លែងកើតហេតុម៉ូតូជ្រុលទៅបុកគូថរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 3B-3391 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់តែម្តង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង៕
មតិយោបល់