ភ្នំពេញៈ កាលពីថ្ងៃទី៤ មិថុនា មុននេះ ស្ថានីយទូរទស្សន៍PNN និងផលិតកម្ម LD Picture បានប្រកាសឲ្យដឹងពីគម្រោងសហការគ្នាជាលើកដំបូង ដើម្បីផលិតរឿងភាគខ្មែរសម្រាប់ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍មួយនេះ។ នេះជាលើកទី១ ដែលស្ថានីយទូរទស្សន៍PNN បានយល់ព្រមឯកភាពឲ្យផលិតកម្មផលិតភាពយន្តក្នុងស្រុក ផ្គត់ផ្គង់ភាពយន្តភាគឲ្យខ្លួនដើម្បីប្រកួតប្រជែងជាមួយស្ថានីយទូរទស្សន៍ផ្សេងទៀត ដែលមានរឿងភាគខ្មែរសម្រាប់ចាក់ផ្សាយម៉ោងមាស។
ក្នុងវេទិកាសិន្និសីទកាសែតនោះ លោកលៀក លីដា ផលិតករ LD Picture បានប្រកាសផលិតរឿង«ម្ទេសហិរប៉ះអំបិលប្រៃ»ជាលើកដំបូងដើម្បីឲ្យPNN ដាក់បញ្ចាំងជារឿងប្រចាំប៉ុស្ដិ៍នៅដើមខែ៩ខាងមុខ។ ខ្សែរឿងនេះ លោកថាត្រូវបានផលិតឡើងដោយប្រើសម្ភារៈផលិតកុនស្របតាមកម្រិតរឿងភាគរបស់ប្រទេសជិតខាង ដោយរួមមានកាមេរ៉ា4K និងCinema Lance ជាដើម។ ក្នុងនោះ សូម្បីតែប្រព័ន្ធភ្លើង បច្ចេកទេស និងស្ដង់ដារនៃគុណភាពរឿងក៏ត្រូវ PNN កំណត់ ដើម្បីឲ្យរឿងដែលបានចេញមកអាចទទួលយកបានផងដែរ។
លោកថាខ្សែរឿងដែលនឹងផ្គត់ផ្គង់ឲ្យPNN ទាំងអស់ នឹងចំណាយទុនផលិតខ្ពស់ ដោយសារតែខាងទូរទស្សន៍បានកំណត់ស្ដង់ដារខុសពីការផលិតរឿងឲ្យស្ថានីយទូរទស្សន៍ផ្សេង។ អញ្ចឹងហើយទើបលោកគ្រោងផ្គត់ផ្គង់រឿងឲ្យPNN ត្រឹមតែ២ទៅ៣រឿងប៉ុណ្ណោះដោយក្នុងមួយរឿងនឹងមានរង្វង់ពី៣៥ទៅ៤៥ ភាគ និងមួយភាគមាន២៥នាទី។
នៅក្នុងសន្និសីទនោះ គេឃើញវត្តមានរបស់តារាសម្ដែងមួយចំនួនដែលសុទ្ធតែត្រូវបាងកុងត្រាសម្ដែងក្នុងរឿងឲ្យផលិតកម្មLD Picture សម្រាប់ដាក់ផ្សាយនៅលើទូរទស្សន៍PNN។ តារាទាំងនោះរួមអ្នកនាងប៉ែន សុផានី អ្នកនាងគ្រត កញ្ញា ទឹម រដ្ឋា កញ្ញា ម៉ាក់សែន សូនីតា លោកលឹម ជាឡាយ លោកស៊ឹម សោភ័ណ្ឌ កញ្ញា គៀត សុវណ្ណាឡាង ឌីជេណាហ្គា លោកងួន សុបិន្ត លោករឿម រ៉ាម៉ូ និងតារាប្រុសស្រីជាច្រើនរូបទៀត៕
មតិយោបល់