ព័ត៌មានជាតិ

ជិះម៉ូតូលឿនមិនប្រយ័ត្ន! ទៅបុកម៉ូតូដូចគ្នា ដួលបែកក្បាលហូរឈាមពេញខ្លួន

ភ្នំពេញៈ យុវជនម្នាក់រងរបួសបែកឈាមច្រមុះហូរមកលើខ្លួនបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីថ្ងៃត្រង់ ទី១២ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវព្រះអង្គអេង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសចំណាស់ម្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកនិងស្លាកលេខជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីម សេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1E 9387 ជិះដោយយុវជនម្នាក់ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវព្រះអង្គអេងទិសដៅពីត្បូងទៅជើងឡើងផ្លូវព្រះស៊ីសុវត្ថិបានបន្តិចក៏ជ្រុលទៅគ្នាបណ្តាលឲ្យយុវជនខាងលើរងរបួសបែកច្រមុះហូរឈាមមកលើខ្លួននិងរបួសជើងតែម្តង។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគេមិនដឹងថាខាងណាខុសឬត្រូវយ៉ាងណានោះទេព្រោះពេលសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភាគីម្ខាងទៀតបានជិះម៉ូតូគេចខ្លួនបាត់ទៅហើយនៅតែម៉ូតូជនរងគ្រោះនិងជនរងគ្រោះប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកតាមរម៉កកង់បីទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ ចំណែកម៉ូតូសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅរក្សាទុក៕

មតិយោបល់