ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សុះ ម៉ាច និងអៀង ស៊ីធុល ប៊ិះលក់ឡានសងបំណុល

ភ្នំពេញៈ ក្នុងកិច្ចប្រជុំរបស់សមាគមសិល្បករខ្មែរកាលពីល្ងាចថ្ងៃទី៤ មិថុនា នៅទីស្នាក់ការសមាគមដែលមានក្រុមប្រឹក្សាសមាគមចូលរួម លោកសុះ ម៉ាច ប្រធានអង្គប្រជុំ និងលោកអៀង ស៊ីធុល ប្រធានកិត្តិយសបានទម្លាយឲ្យដឹងថា ការប្រគំតន្ត្រីសប្បុរសធម៌កាលពីថ្ងៃទី៨ ឧសភា ដែលមានវត្តមាន Miss Grand 2015 ចូលរួម គឺបានឲ្យលោកទាំងពីរទទួលបានចំណូលមិនរួចថ្លៃចំណាយឡើយ ដោយបង្ខំឲ្យលោកទាំងពីរដែលជាអ្នកទទួលខុសត្រូវសម្រេចចិត្តលក់រថយន្តរៀងខ្លួនសងបំណុលនោះ។ យ៉ាងណាក៏ដោយ ក្រោមការជ្រោមជ្រែងពីសប្បុរសជន ទើបធ្វើឲ្យលោកទាំងពីររួចផុតពីការលក់រថយន្តដើម្បីចេញខាត។

លោកអៀង ស៊ីធុល បញ្ជាក់ទាំងចំហរចំពោះមុខអង្គប្រជុំថា ការប្រគំតន្ត្រីក្នុងគម្រោងរ៉ៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរនោះ សមាគមខាតបង់ជាច្រើនប្រសិនបើគ្មានការជួយសងពីសំណាក់សប្បុរសជនដែលបានអញ្ជើញចូលរួម។ លោកនិយាយថា« ការប្រគំតន្ត្រីហ្នឹងយើងចំណាយអស់ជាង៩ពាន់ដុល្លារ ប៉ុន្តែយើងបានចំណូលពីការលក់សំបុត្រ និងពីថវិកាដែលសប្បុរសជនយើងគាត់ជួយសម្រាប់កម្មវិធីតែម្ដង តែក្នុងចំនួនតិចទេ អញ្ចឹងយើងខាត ព្រោះយើងអត់អាចយកថវិកាដែលភ្ញៀវយើងគាត់បរិច្ចាគបានទេ អញ្ចឹងហើយទើបខ្ញុំ និងម៉ាច សម្រេចថាមានតែលក់ឡានទេទើបសងបំណុលរួចព្រោះ៥-៦ពាន់(ដុល្លារ)មានតិចឯណា!»។

លោកថាហេតុផលដែលបណ្ដាលឲ្យលោក និងលោកសុះ ម៉ាច រួចផុតពីការទទួលខុសត្រូវបំណុល គឺដោយសារតែលោកជំទាវម៉ែន សំអន ដែលជាគណៈអធិបតី បានឃើញពីផលវិបាកជាក់ស្ដែង ហើយបានជ្រោមជ្រែង ឲ្យបន្ទាប់ពីលោកជំទាវឃើញថាការប្រឹងប្រែងរបស់សមាគម ជាប្រយោជន៍របស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ហើយមិនមែនដើម្បីប្រយោជន៍របស់សមាគម។ លោកនិយាយថា«កាលហ្នឹងខ្ញុំ និងម៉ាច(សុះ ម៉ាច) គិតគ្នាហើយមានតែលក់ឡានទេ ព្រោះយើងខ្វះច្រើន តែជាសំណាងយើងបានលោកជំទាវ(ម៉ែន សំអន) លោកជួយនៅពេលដែលលោកដឹងថាកម្មវិធីយើងបានលុយជួយពេទ្យច្រើនមែន ប៉ុន្តែសម្រាប់ការរៀបចំយើងខាត!»។

លោកសុះ ម៉ាច បានអះអាងដែរថា ការប្រគំតន្ត្រីដែលបានធ្វើឡើងដោយមានវត្តមានរបស់បវរកញ្ញាអន្តរជាតិចុះមកជួយនោះ បានធ្វើឲ្យលោក និងក្រុមការងារទទួលបាននូវមោទនភាពយ៉ាងខ្លាំង ដោយក្រៅពីជួយឲ្យលោក និងលោកអៀង ស៊ីធុល រួចផុតពីការលក់ទ្រព្យរៀងខ្លួន ក៏ជួយឲ្យសមាគមទទួលបានថវិកាជាង៥០លានរៀល និងជាងមួយម៉ឺនដុល្លារសហរដ្ឋអាមេរិកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៧០ភាគរយ និងមន្ទីរពេទ្យកុមារអង្គរ៣០ភាគរយផងដែរ។

លោកថាការប្រគំតន្ត្រីដែលបានធ្វើឡើងថ្វីដ្បិតមិនសល់កម្រៃជាប្រយោជន៍ដល់សមាគម ប៉ុន្តែជាជោគជ័យធំណាស់ ដែលសមាគមសម្រេចបាន។ លោកថាក្នុងមួយឆ្នាំនឹងមានសកម្មភាពប្រគំតន្ត្រីខ្នាតធំបែបនេះតែមួយលើកប៉ុណ្ណោះ ប៉ុន្តែអាចមានសកម្មភាពរ៉ៃអង្គាសទ្រង់ទ្រាយតូចៗ មួយឬ២ទៀតក្នុងឆ្នាំ២០១៦នេះ ដើម្បីកុំឲ្យសមាគមស្ងប់ស្ងាត់សកម្មភាព។

ខាងក្រោមនេះជាវត្តមានរបស់ក្រុមប្រឹក្សាភិបាល និងសមាជិករបស់សមាគមសិល្បករខ្មែរក្នុងកិច្ចប្រជុំបូកសរុបការងារក្រោយការប្រគំតន្ត្រីកាលពីថ្ងៃទី៤ មិថុនា៕

photo_2016-06-04_23-48-14photo_2016-06-04_23-48-18photo_2016-06-04_23-48-22photo_2016-06-04_23-48-26photo_2016-06-04_23-48-28photo_2016-06-04_23-48-31photo_2016-06-04_23-48-34photo_2016-06-04_23-48-37photo_2016-06-04_23-48-40photo_2016-06-04_23-48-44photo_2016-06-04_23-48-47photo_2016-06-04_23-48-50photo_2016-06-04_23-48-52photo_2016-06-04_23-48-55photo_2016-06-04_23-48-58

មតិយោបល់