ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សាន ផានិត កុងត្រាច្រៀង Original Song

ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលតារាចម្រៀងបាត់មុខយូរ លោកសាន ផានិត ត្រូវបានផលិតកម្មថ្មីរបស់លោក សាវិន ហ្វីលីព ដែលជាតារាសម្ដែងម្នាក់សម្រេចឲ្យកុងត្រាច្រៀងក្នុងនាមជាតារាចម្រៀងផង និងជាដៃគូសហការផង ដើម្បីផលិត និងច្រៀងបទ Original Song វាយលុកទីផ្សារ។

បទចម្រៀងរបស់លោកត្រូវគេឃើញដាក់បង្ហោះនៅលើYoutube បានចំនួន២បទហើយ ដោយនឹងបន្តចេញបទមិនចម្លងបន្តបន្ទាប់ទៀត ខណៈដែលតាមគម្រោងគឺបទថ្មីៗរបស់លោកចំនួន៣បទ ត្រូវបានរំពឹងថានឹងផ្ទះខ្លាំងក្នុងពេលឆាប់ៗ។ លោកសាវិន ហ្វីលីព ម្ចាស់ផលិតកម្មSP បានអះអាងថាដោយសារតែមើលឃើញថាវិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជាកាន់តែមានសក្កានុពលខ្លាំងឡើងជាពិសេសប្រភេទបទថ្មីមិនចម្លងបរទេស ទើបលោកបោះទុនផលិតចម្រៀង ហើយសហការជាមួយតារាចម្រៀងលោកសាន ផានិត ឲ្យមកច្រៀង និងរួមដៃគ្នាជាមួយផលិតកម្មដើម្បីរំលេចបទថ្មី។

លោកថាវ៉ុលចម្រៀងបើកឆាករបស់ខ្លួន នឹងមានបទចម្រៀងសុទ្ធសាធរបស់លោកសាន ផានិត ដោយក្នុងពេលនេះលោកនឹងបង្ហោះបទថ្មីរបស់លោកសាន ផានិត ចំនួន៣បទបើកឆាកដើម្បីស្ទាបស្ទង់ទីផ្សារ។ បទចម្រៀងទាំងនោះរួមមានបទ«ជីវិត» បទ«គ្មានសិទ្ធិ» និងបទ«ផ្កាយព្រះអង្គារ» ដោយក្នុងចំណោមបទទាំង៣លោកហាក់រំពឹងថាបទ«ជីវិត»នឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែអត្ថន័យបទនេះ បានបង្កប់ពីរឿងការលង់ខ្លួនរបស់លោកសាន ផានិត ជាមួយនឹងការញៀនថ្នាំ រហូតបណ្ដាលឲ្យកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈរបស់តារារូបនេះធ្លាក់ដល់សូន្យ។

លោកថាបទ«ជីវិត»នឹងចេញបង្ហោះក្នុងពេលដ៏ខ្លី ខណៈដែលបទទាំង៣របស់លោកសាន ផានិត ក៏ត្រូវចេញថតជាវីដេអូនៅសប្ដាហ៍ក្រោយ។ លោកថាផលិតកម្មនឹងគ្រោងផលិតបទថ្មីឲ្យសាន ផានិត រហូតគ្រប់១០បទ ដើម្បីចេញលក់នៅលើទីផ្សារបើកឆាកទីផ្សារសិល្បៈចម្រៀងរបស់តារាដែលទើបកែខ្លួន និងត្រលប់មកកាន់អាជីពច្រៀងជាថ្មីនេះ។

លោកមានហេតុផលតែមួយគត់ដែលលោកសម្រេចចិត្តជ្រើសយកលោកសាន ផានិត មកធ្វើជាដៃគូសហការ និងជាតារាចម្រៀងប្រចាំផលិតកម្ម គឺដោយសារតែលោកមានបទពិសោធន៍ច្រើនក្នុងការផលិតបទចម្រៀងស្រាប់ ច្រៀងបានល្អស្រាប់ និងជាតារាដែលមានរឿងអាស្រូវក្នុងពេលលង់ខ្លួន ដែលការត្រលប់វិញ ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍។ លោកទទូចឲ្យជួយគាំទ្រលោកសាន ផានិត ដោយអះអាងថាការវិលត្រលប់របស់តារារូបនេះ គឺមិនច្រៀងបទចម្លងនោះទេ ដោយផលិតស្នាដៃកូនខ្មែរ និងថ្មីសុទ្ធសាធ ដើម្បីលើកកម្ពស់វិស័យចម្រៀង៕

photo_2016-06-05_00-02-43photo_2016-06-05_00-02-46photo_2016-06-05_00-02-49photo_2016-06-05_00-02-53photo_2016-06-05_00-02-56photo_2016-06-05_00-02-59photo_2016-06-05_00-03-02photo_2016-06-05_00-03-06photo_2016-06-05_00-03-09photo_2016-06-05_00-03-11

មតិយោបល់