ព័ត៌មានជាតិ

ខ្មាន់កាំភ្លើង២នាក់ បាញ់ប្រហារបុរសម្នាក់៣គ្រាប់ បណ្តាលឲ្យធ្លាយភ្លៅ

ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្លាយភ្លៅខាងឆ្វេង ខណៈកំពុងអង្គុយហូបបាយនៅមុខផ្ទះ ស្រាប់តែមានជនមិនស្គាល់មុខ២នាក់ជិះម៉ូតូ Scoopi ពណ៌សមួយគ្រឿងមិនចាំស្លាកលេខនិងប្រើកាំភ្លើងខ្លីមួយដើម បានបាញ់ប្រហារចំនួន៣គ្រាប់ រួចបើកម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនាម៉ោង៨:០០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវរថភ្លើង ត្រង់ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលករណីនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានបឋមថា អាចផ្តើមចេញពីរឿងគំនុំ។

សាច់ញាតិបានប្រាប់ថា ជនរងគ្រោះឈ្មោះ សុខ ចិន អាយុ៣៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

សាច់ញាតិបានបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយហូបបាយ ជុំគ្នាជាមួយបងប្អូន៣ទៅ៤នាក់នៅមុខផ្ទះ លុះកំពុងតែអង្គុយហូប ក៏មិនដឹងជាមានរឿងអីកើតឡើងនោះទេស្រាប់តែឃើញ ខ្មាន់កាំភ្លើង២នាក់ដែលមិនស្គាល់មុខ និងមានជិះម៉ូតូ Scoopi មួយគ្រឿងមកផងនោះ បានឈប់ នៅលើផ្លូវរថភ្លើង ត្រង់មុខផ្ទះជនរងគ្រោះ ហើយស្រែកឡូឡា និងជេរគេជេរឯងមិនដឹងជាខឹង អ្នកណានោះទេ បន្ទាប់ពីជេរហើយខ្មាន់កាំភ្លើងទាំង២នាក់ ក៏បានដកកាំភ្លើងខ្លីចេញពីចង្កេះហើយបាញ់សំដៅមករកជនរងគ្រោះ ចំនួន៣គ្រាប់ តែសំណាងល្អជនរងគ្រោះ ត្រូវតែ១គ្រាប់គឺធ្លាយភ្លៅខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយបាញ់រួច ខ្មាន់កាំភ្លើងទាំង២នាក់ បានជិះម៉ូតូ គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ លោកសង្ឃ៕

photo_2016-06-05_07-04-24photo_2016-06-05_07-04-22photo_2016-06-05_07-04-20

មតិយោបល់