ព័ត៌មានជាតិ

ឪពុកនិងកូនជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងពីរនាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យស្លាប់ម្នាក់

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២​ វេលាម៉ោង១៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យមនុស្ស០១នាក់ស្លាប់ នឹង០១នាក់ រងរបួសស្រាល ហេតុការណ៍នេះ កើតឡើងនៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ125 សេរី2018 ពាក់ស្លាក ពោធិ៍សាត់លេខ 1I-0291 បើកបរដោយឈ្មោះ ខាត់ តុល ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃស្រគុំ ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នឹងអ្នករួមដំណើរឈ្មោះ ឃន ឌៀន ភេទប្រុស អាយុ១៦ឆ្នាំ (ត្រូវជាកូនបង្កើតរងរបួសស្រាល) បើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូមាត់ស្ទឹង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូក៏បានដួលសង្កត់ពីលើឈ្មោះ ខាត់ តុល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

រីឯអ្នករងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្រោយមកជនរងគ្រោះឈ្មោះ ខាត់ តុល បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀង បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យនិងធ្វើការវាស់វែង រួចហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ។

បច្ចុប្បន្នសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់