ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា លោក ហេង កេសរោ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ បានចេញដីកាបង្គាប់ឱ្យឃាត់ខ្លួនស្ត្រីម្នាក់ ជាថៅកែហាងម៉ាស្សា-កោសជប់ ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន។
សមត្ថកិច្ចបានឱ្យដឹងថា លោក កុល បុន ជាតំណាងអយ្យការបានចោទប្រកាន់លើឈ្មោះ មោង គឹមលាង ភេទស្រី អាយុ ៣៥ឆ្នាំ ជាម្ចាស់ហាង ពីបទ សញ្ចារកម្ម ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សា-កោសជប់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ២៨៤ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា កាលពីយប់ថ្ងៃទីទី១០ ខែតុលា ឆ្នាំ២០១៧កន្លងទៅ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់បង្កប់សេវាបម្រើផ្លូវភេទ មួយកន្លែងមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីជាម្ចាស់ហាងខាងលើ និងសង្គ្រោះបានស្ត្រីរងគ្រោះចំនួន ៦នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ទៅដល់៤០ឆ្នាំ។
នៅក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អាត់ សល់ ភេទប្រុស អាយុ ៣៦ឆ្នាំ ប៉ុន្តែសមត្ថកិច្ចថា ជននោះជាអ្នករត់ម៉ូតូឌុប ក៏សម្រេចឱ្យត្រលប់ទៅផ្ទះវិញ៕
https://youtu.be/EkG-Ry9xxk8
មតិយោបល់