ព្រៃវែងៈ លោកវរសេនីយ៍ទោ សៅ ចាន់ថា អធិការស្រុកកញ្ជ្រៀច បានប្រាប់ Post News ថា នៅវេលាម៉ោង១២ និង៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ឈ្មោះ យ៉ែម មាន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិបេង ឃុំថ្មពូន ស្រុកកញ្ជ្រៀច ត្រូវបានចោរមួយក្រុមមានគ្នា៣នាក់ បានចូលលួចកាត់សោយកម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1BU- 0400។
ជនសង្ស័យមានគ្នា៣នាក់ ទី១មានឈ្មោះ វ៉េន វី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិ ព្រៃ ឃុំទ្រាក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ទី២ឈ្មោះ ស៊ូ ចេន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិ ព្រៃ ឃុំទ្រាក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី៣ឈ្មោះ ស៊ឹម ឆូធា ហៅង៉ុយ ភេទប្រុស អាយុ ២៦ឆ្នាំ ភូមិព្រះពន្លា ឃុំទ្រាក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រោយពេលធ្វើសកម្មភាពរួច ពួកវាបានជិះម៉ូតូ សំដៅចេញទៅខេត្តត្បូងឃ្មុំ ក៏ជួបនឹងសមត្ថកិច្ច កំពុងយាមល្បាត តាមគោលដៅ បានហៅសួនាំតែពួកវាមិនបាន ព្រមឈប់ គិតតែបើកលឿនឡើង យើងបានដេញតាមស្ទាក់ ពួកវាបានផ្តួលម៉ូតូចោលហើយរត់ចូលក្នុងវាលបឹងស្នោរបាត់ យើងក៏បានឡោមព័ន្ធជុំវិញ រហូតដល់ម៉ោង ៨ព្រឹក យើងចាប់បានម្នាក់ ឈ្មោះ វ៉េន វី ភេទប្រុស អាយុ ៣០ឆ្នាំ លុះដល់ម៉ោង ៤និង៣០នាទីល្ងាចថ្ងៃ ខែឆ្នាំដដែល ចាប់បានម្នាក់ទៀត ឈ្មោះ ស៊ូ ចេន ភេទប្រុស អាយុ២២ឆ្នាំ មកដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩ និង៣០នាទីព្រឹក យើងចាប់បានម្នាក់ទៀត ឈ្មោះ ស៊ឹម ឆូធា ហៅង៉ុយ ភេទប្រុស អាយុ២៦ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងរក្សាទុករួមមាន កន្ត្រៃកាត់សោ ពណ៌ខៀវ១,ប្រដាប់កាត់សោ១, ម៉ូតូ សេ១២៥ កូរ៉េ ពណ៌ខៀវ១គ្រឿង,កាដុងជ័រ៥លីត្រ សម្រាប់ដាក់សាំង១,ដោយឡែក ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៣ បានប្រគល់ជូនម្ចាស់ដើមវិញ៕
https://youtu.be/PCg63_rXQ1A
មតិយោបល់