កោះកុងៈ លោក លឹម សុជាតិ ជាជនរងគ្រោះពីអំពើហិង្សាដោយចេតនា ដែលបង្កដោយមន្រ្តីនគរបាលខេត្តកោះកុង បានបញ្ចេញនូវប្រតិកម្មយ៉ាងខ្លាំង តបទៅនិងការសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង ដែលបានសម្រេចលើកលែងការចោទប្រកាន់លើបក្សពួកជនជាប់ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌ ខណៈដែលជនសង្ស័យត្រូវចោទប្រកាន់ ស្ថិតនៅមានសេរីភាពនៅឡើយ។
លោក លឹម សុជាតិ នៅថ្ងៃសៅរ៍នេះ បានរំលឹករឿងរ៉ាវដែលបានកើតឡើងមកលើរូបលោកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ខ្ញុំបាទ លឹម សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅខេត្តសៀមរាប បានត្រូវឈ្មោះ ច័ន្ទ រ៉ាវីយ៉ា ដែលជាមន្ត្រីនគរបាលខេត្តកោះកុង និងត្រូវជាកូនបង្កើតលោកស្នងការខេត្ត រួមទាំងបក្សពួកច្រើននាក់ទៀត បាននាំគ្នាចាប់ក្រៀក ហើយវាយទាត់ធាក់មកលើរូបខ្ញុំ រងរបួសធ្ងន់ធ្ងររហូតសន្លប់ និងធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុចំណោមមហាជនដែលកំពុងចូលរួមសប្បាយក្នុងពិធីបុណ្យសមុទ្រយ៉ាងច្រើនកុះករ។
ហេតុការណ៍នោះបានកើតឡើង នៅចំណុចមុខតូបតាំងពិពរណ៌បុណ្យសមុទ្រ ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រោយហេតុការណ៍នោះ លោកបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត ហើយក្រោយមកតុលាការក៏បានចាត់និតិវិធីជាបន្តបន្ទាប់ រហូតចៅក្រមស៊ើបសួរបានចោទប្រកាន់ឈ្មោះ ច័ន្ទ រ៉ាវីយ៉ា ជនបង្កពីបទស្ថានទម្ងន់ទោស ( ហិង្សាដោយចេតនា មានមនុស្សច្រើននាក់ក្នុងឋានៈជាសហចារី ) ហើយបានបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា ដើម្បីពិនិត្យតាមផ្លូវច្បាប់។ បន្ទាប់មកសំណុំរឿងព្រហ្មទណ្ឌនេះ ត្រូវបានបញ្ជូនទៅជំនុំជម្រះ។ ប៉ុន្តែអ្វីជាការកត់សម្គាល់នោះគឺតុលាការបានសម្រេចលើកលែងការចោទប្រកាន់ បក្សពួករបស់ជនជាប់ចោទទាំងអស់ ខណៈដែលបក្សពួកទាំងនោះ បានធ្វើសកម្មភាពដែលជាបទល្មើសជាក់ស្តែងនៅមុខប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដោយតុលាការលើកហេតុផលថា ស្វែងរកសវតាជាតិអញ្ញាតជនទាំងអស់នោះពុំឃើញ។
លោក លឹម សុជាតិ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចនេះព្រោះថា ក្នុងពេលហេតុការណ៍កើតឡើងទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋច្រើនកុះករបានដឹងនិងបានស្គាល់មុខ ស្គាល់ឈ្មោះ ជនបង្កទាំងអស់ ហើយបច្ចុប្បន្ននេះ គេបានឃើញវត្តមានជនបង្កនោះ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ថែមទៀត។ ដូច្នេះ ហេតុអ្វីបានជាតុលាការអះអាងថា រកពុំឃើញសាវតាជាតិជនបង្កដូច្នេះទៅវិញ។
ជនរងគ្រោះបានបង្ហាញនូវការមិនពេញចិត្ត ចំពោះចំណាត់ការរបស់តុលាការ ក្នុងពេលដែលជនត្រូវចោទបានធ្វើសកម្មភាពបង្កហិង្សាចេតនាជាក់ស្តែង និងមានស្ថានទម្ងន់ទោស ចុះហេតុអ្វីក៏បណ្តោយឲ្យជនត្រូវចោទក្នុងសំណុំរឿងព្រហ្មទណ្ឌនោះ រស់នៅដោយមានសេរីភាព និងដើរអួតក្អេងក្អាងអាងខ្នងរហូតសព្វថ្ងៃ ក្នុងពេលដែលហេតុការណ៍បានកើតឡើងមួយឆ្នាំកន្លះមកហើយនោះ។
ទន្ទឹមនោះ លោកក៏មិនដឹងថា អំណាចតុលាការខេត្តកោះកុងមិនសូវមានឥទ្ធិពលឬក៏ជនត្រូវចោទមានអំណាច ខ្លាំងឬក៏យ៉ាងណានោះទេ។ ផ្តើមពីនោះលោកមិនសូវមានសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ពិតប្រាកដនោះឡើយ ព្រោះជនបង្កជាមន្រ្តីនគរបាល និងជាកូនស្នងការខេត្តនោះទៀត។
យ៉ាងណាក៏ដោយលោកលឹម សុជាតិ អំពាវនាវជាថ្មីដល់ស្ថាប័នតុលាការខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធពិចារណា ករណីខាងលើនេះឡើងវិញ ព្រោះថា រាល់ចំណាត់ការរបស់តុលាការហាក់បង្ហាញនូវភាពមិនប្រក្រតីច្រើន ហើយក្នុងនាមជាប្រជាពលរដ្ឋខ្មែរ និងក្នុងនាមជាជនរងគ្រោះលោកមិនអាចទទួលយកបាននោះឡើយ សុំជួយផ្តល់នូវយុត្តិធម៌ ដោយកុំយកស្ថាប័នដ៏ថ្លៃថ្នូរ របស់ជាតិទៅធ្វើជាល្បែង ដើម្បីបក្សពួក និងផលប្រយោជន៍បុគ្គលអី វានាំឱ្យប៉ះពាល់ដល់ការធ្វើកំណែទ្រង់ស៊ីជម្រៅ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល៕
មតិយោបល់