ភ្នំពេញៈ ទិវាបរិស្ថានពិភពលោក ៥ មិថុនា ត្រូវបានប្រទេសជាច្រើនលើសកលលោកដែលស្រលាញ់បរិស្ថាននាំគ្នាប្រារព្វយ៉ាងផុសផុល នៅក្នុងចំណោមប្រទេសជាច្រើនោះក៏មានកម្ពុជាមួយផងដែរ ដែលបានចូលរួមអបអរសាទរនឹងទិវាមួយនេះ។
និយាយដោយឡែក រាជធានីភ្នំពេញដែលជាបេះដូងនៃពហុវិស័យ របស់ប្រទេសកម្ពុជា ក៏បានរៀបចំទិវាបរិស្ថានពិភពនេះផងដែរ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងមនុស្សប្រមាណជាជិត១ពាន់នាក់ផងដែរ។
រាជធានីភ្នំពេញដែលមានប្រជាជនរស់នៅយ៉ាងកុះកររាប់លាននាក់នេះ នាពេលបច្ចុប្បន្នកំពុងតែមានបញ្ហាប្រឈមផ្នែកបរិស្ថានដ៏សំខាន់មួយ គឺត្រូវគេនិយាយថា ជាបញ្ហាសំរាម។
ថ្លែងទទួលស្គាល់ថា សំរាមជាបញ្ហាចម្បង និងជាបញ្ហាអាទិភាពដើម្បីដោះស្រាយនោះ លោក ជិន ប៊ុនធៀន អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ Post News ថា ដើម្បីដោះស្រាយបញ្ហាសំរាមដែលជាបញ្ហាចម្រូងចម្រាសកន្លងមក គឺនៅត្រង់ថា អ្នកពាក់ព័ន្ធនឹងការប្រមូលសំរាម អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញហាក់ច្រានការទទួលខុសត្រូវទៅឱ្យគ្នាទៅវិញទៅមក ដោយមិនមានការចូលរួមដោះស្រាយទាំងអស់គ្នានោះទេ។ លោកថា នៅគ្រាចុងក្រោយនេះសាលារាជធានីភ្នំពេញបានដាក់ចេញនូវវិធានការរួមគ្នាដោះស្រាយបញ្ហាសំរាម ដោយការជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងរវាងអាជ្ញាធរខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុនស៊ិនទ្រី ដែលជាក្រុមហ៊ុនទទួលសិទ្ធិប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។ បន្ថែមលើកិច្ចព្រមព្រៀងសាលារាជធានីភ្នំពេញក៏បានសហការជាមួយក្រុមហ៊ុនស៊ិនទ្រី ជ្រើសរើសបុគ្គលិកប្រមូលសំរាមបន្ថែម ២នាក់សម្រាប់ប្រចាំការនៅតាមមូលដ្ឋានសង្កាត់មួយចំនួន ក្នុងខណ្ឌដែលបានចុះកិច្ចព្រមព្រៀងគ្នារួចរាល់ ដើម្បីធ្វើការងារយ៉ាងជិតស្និតជាមួយអាជ្ញាធរខណ្ឌក្នុងការដោះស្រាយបញ្ហាសំរាម កុំឱ្យកកស្ទះ ជាគំនរច្រើនដែលអាចបណ្តាលទៅជាបញ្ហាជាច្រើនទៀត។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ដែលសាលារាជធានីភ្នំពេញកំពុងតែគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដោយសារការចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់នោះគឺ ការស្វែងរកដៃគូវិនិយោគលើការកែច្នៃសំរាម និងកាកសំណល់ផ្សេងៗក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យក្លាយទៅជាប្រយោជន៍។
លោកបានបន្តថា រហូតមកដល់ដើមត្រីមាសទី២ នៃឆ្នាំ២០១៦នេះ មានក្រុមហ៊ុនប្រមាណជាជាង ៣០ បានមកដាក់ពាក្យមកសាលារាជធានី ដើមបីស្នើសុំសិទ្ធិវិនិយោគលើការកែច្នៃសំរាម ហើយនៅពេលនេះភាគីសាលារាជធានីកំពុងពិចារណា ពិនិត្យលើទំហំវិនិយោគ និងសក្តានពលរបស់ក្រុមហ៊ុននីមួយៗដែលបានដាក់ពាក្យមក។
ទោះជាយ៉ាងណា លោកថា សាលារាជធានីភ្នំពេញ គឺមានឆន្ទះជំរុញឱ្យការងារវិនិយោគលើការកែឆ្នៃសំរាមនេះអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ។ ទោះជាយ៉ាងណា លោកបានស្នើសុំឱ្យភាគីពាក់ព័ន្ធនឹងបញ្ហាសំអាតសំរាមក្នុងរាជធានីភ្នំពេញទាំងអស់ចូលរួមដោះស្រាយបញ្ហានេះប្រកបដោយភាពសាមគ្គី និងការទទួលខុសត្រូវខ្ពស់បំផុត។
លោក សុផល ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងរាជធានីភ្នំពេញបានប្រាប់ Post News ពីការយល់ឃើញរបស់លោកថា បញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ គឺវាបង្កឡើងដោយការធ្វើការងាររបស់ភ្នាក់ងារប្រមូលសំរាម ពោលគឺ ក្រុមហ៊ុនស៊ិនទ្រី មិនបានដាក់ធុងសំរាម និងសម្ភារស្តុកសំរាមឱ្យបានច្រើនទីតាំងគ្រប់គ្រាន់ ទើបប្រជាពលរដ្ឋចេះតែយកសំរាមទៅបោះចោលនៅទីសាធារណៈ។ លោកបន្ថែមថា ពេលខ្លះក្រុមហ៊ុនមួយនេះ មានភាពយឺតយ៉ាវក្នុងការមកប្រមូលសំរាមនៅទីតាំងចោលសំរាម ទើបវាបណ្តាលឱ្យសំរាមក្លាយទៅជាគំនរធំទៅៗ និងបង្កផលប៉ះពាល់ជាក្លិន និងមានមេរោគដល់ពលរដ្ឋរស់នៅក្បែរៗនោះផងដែរ។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ដែលជាខណ្ឌទទួលបានចំណាត់ថ្នាក់លេខ១ ផ្ការំដួល៣ទង ក្នុងការប្រកួតប្រជែកយុទ្ធនាការទីក្រុងស្អាត បានថ្លែងប្រាប់ Post News ថា កន្លងមកសាលាខណ្ឌដូនពេញ ដោយមានរូបលោកផ្ទាល់បានដឹកនាំក្នុងសកម្មភាពសំអាតបរិស្ថាន ដោយការចុះរើសសំរាមនៅក្នុងទឹកដីខណ្ឌ និងពិសេសនៅតំបន់ទេសចរណ៍មុខព្រះបរមរាជវាំង និងតំបន់មាត់ទន្លេ។ លោកបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋដែលបានមកលែងនៅតំបន់ទេសចរណ៍ខាងលើនេះ នៅតែមិនទាន់បានយល់ដឹងអំពីការស្រលាញ់បរិស្ថានដោយការទុកដាក់សំរាមក្នុងធុងត្រឹមត្រូវនោះទេ បើទោះជារូបលោក និងអាជ្ញាធរខណ្ឌព្យាយាមចុះអប់រំណែនាំ និងធ្វើជាគំរូយ៉ាងណាក៏ដោយ។ លោកអភិបានបាន សំដែងសុទិដ្ឋិនិយមចំពោះការសហការល្អរបស់ក្រមហ៊នស៊ិនទ្រីនាពេលចុងក្រោយជាសាលាខណ្ឌរបស់លោកក្នុងការងារប្រមូលសំរាម ប៉ុន្តែលោកនូវតែបានមើលឃើញថា ក្រុមហ៊ុនមួយនេះនៅមានភាពខ្វះចន្លោះក្នុងការបំពេញការងាររបស់មួយចំនួនដូចជាការដឹកជញ្ជូនសំរាមមានហូរទឹកពេញផ្លូវ និងពេលខ្លះបុគ្គលិកប្រមូលសំរាមយកសំរាមមិនអស់ពីកន្លែងចោលសំរាម។
ដោយឡែកលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកក៏បានប្រាប់ Post News ផងដែរថា នៅក្នុងខណ្ឌរបស់លោកបញ្ហាសំរាមជាបញ្ហាធំ ធំជាងគេគឺនៅម្តុំផ្សារដើមគរ និងផ្សារនាគមាស ដោយសារតែផ្សារទាំង២នេះ មានអាជីវករលក់ដូរ២៤ម៉ោងលើ២៤ម៉ោងក្នុងមួយថ្ងៃៗ ហេតុនេះសំរាម និងកាកសំណង់បានកើនឡើងឆាប់រហ័ស ដែលតម្រូវឱ្យអាជ្ញាធរខណ្ឌ និងក្រុមហ៊ុនស៊ិនទ្រី ត្រូវតែសហការគ្នា ដើម្បីដោះស្រាយបញ្ហានេះ រួមគ្នាប្រកបដោយការទទួលខុសត្រូវ។ លោកថា នៅក្រោយពេលដែលសាលាខណ្ឌ និងក្រុមហ៊ុនស៊ិនទ្រីបានចុះកិច្ចព្រមព្រៀងក្នុងការប្រមូលសំរាមនោះមក ការងារប្រមូលសំរាមនៅក្នុខណ្ឌទួលគោក ហាក់មានភាពប្រសើរជាងមុនគួរឱ្យកត់សម្គាល់។ ក្រៅពីការសំអាតសំរាម ការដាំដើមឈើក៏ជាសកម្មភាពមួយដែរ ដើម្បីថែររក្សាបរិស្ថាននៅក្នុងរាជធានីភ្នំពេញ នេះបើយោងតាមការបញ្ជាក់បន្ថែមពីអភិបាលរងខណ្ឌដដែល។
យើងងាកទៅស្តាប់មតិយោបល់របស់អភិបាលខណ្ឌទើបនឹងកើតថ្មីវិញម្តង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ Post News ថា កន្លងមកសាលាខណ្ឌបានដាក់ចេញគោលការណ៍ណែនាំជាច្រើនពាក់ព័ន្ធនឹងបញ្ហាសំអាតសំរាមក្នុងគោលដៅសំអាតបរិស្ថាន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមរបស់លោកចុះអប់រំណែនាំប្រជាពលរដ្ឋឱ្យយល់ពីផលប៉ះពាល់នៃការចោលសំរាមដោយមិនមានអនាម័យ និងខ្វះសណ្តាប់ធ្នាប់នេះ។ លោកថា នៅពេលខាងមុខសាលាខណ្ឌនឹងមានគោលការណ៍ផាកពិន័យលើប្រជាពលរដ្ឋណាដែលនៅបន្តចោលសំរាមដោយខ្វះការទទួលខុសត្រូវ និងប្រាសចាកពីការអប់រំណែនាំរបស់សាលាខណ្ឌដែលបានអនុវត្តតាមគោលការណ៍ណែនាំរបស់លារាជធានីភ្នំពេញ។
ឆ្លើយតបនឹងការលើឡើងរបស់ប្រជាពលរដ្ឋ និងអាជ្ញធរលោក ឌី ម៉ង់ ជាប្រធានគ្រប់គ្រងការប្រមូលសំរាមនៅក្នុងខណ្ឌទួលគោក និងថ្លែងក្នុងនាមក្រុមហ៊នស៊ិនទ្រីផងនោះ លោកពិតជាទទួលស្គាល់ថា កន្លងមកការប្រមូលសំរាមរបស់ក្រុមហ៊ុនលោក គឺមានភាពយឺតយ៉ាវនោះ ដោយសារពេលខ្លះបណ្តាលមកពីបញ្ហាកកស្ទះចរាចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវកំពុងតែមានភាពមមាញឹកនោះ ការយឺតយ៉ាវបែបនេះ ក៏អាចបង្កឱ្យមានផងដែរ។
ដោយឡែកចំពោះការហៀរទឹកពីរថយន្តដឹកសំរាមលើផ្លូវសាធារណៈនោះលោកថា វាជាការពិតហើយ ព្រោះក្រុមហ៊ុនលោកបានប្រមូលសំរាមកាកសំណល់ផ្ទះបាយ ដែលមានលាយលំដោយទឹក ដូច្នេះបើយើងពិនិ្យមើលគឺមួយផ្ទះទឹកបន្តិចៗ វាបង្កឱ្យមានទឹកច្រើនហៀរចេញពីរថយន្តមកក្រៅ ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុនលោក នឹងព្យាយាមទប់ស្កាត់បញ្ហានេះ កុំឱ្យកើតមាន។
ជាសារទៅកាន់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងទិវាបរិស្ថាន ៥មិថុនា ២០១៦នេះ តំណាងសាលាជធានីភ្នំពេញ អភិបាលខណ្ឌ អភិបាលរងខណ្ឌ តំណាងប្រជាពលរដ្ឋ និងតំណាងក្រមហ៊ុនស៊ិនទ្រី សុទ្ធតែបានបង្ហាញជំហរួមគ្នាដោះស្រាយ និងសហការគ្នាក្នុងការសំអាតសំរាម ដើម្បីធ្វើឱ្យរាជធានីភ្នំពេញក្លាយជារាជធានីដែលមានបរិស្ថានល្អ ប្រកបដោយផាសុខភាពក្នុងការរស់នៅរបស់ពលរដ្ឋគ្រប់ៗរូប និងភ្ញៀវទេសចរណ៍ផងដែរ។
ពួកគាត់ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយការដាក់ក្នុងថង់ផ្លាស្ទិកចងមាត់ជិត និងយកទៅទុកនៅទីតាំងចោលសំរាមតាមពេលវេលាដែលបានកំណត់ដោយក្រុមហ៊ុនស៊ិនទ្រី ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលយកទៅចោល ចៀសវាងការបោះចោលពាសវាលពាសកាលដែលសំរាមនោះ អាចក្លាយទៅជាតំបន់បង្កមេរោគដល់សុខភាពប្រជាពលរដ្ឋ ការជះក្លិនមិនល្អដល់អ្នកដំណើរ និងអាចហូរចូលលូបង្ហូរទឹកនៅពេលមានភ្លៀងធ្លាក់ផងដែរ៕
មតិយោបល់