ភ្នំពេញៈ បុរសជនជាតិចិន២នាក់បើករថយន្តស៊េរីទំនើប៥៧០ បុករឺម៉កម៉ូតូកង់បីពីក្រោយរុញទៅបុករថយន្តឡិចសុីស៤៧០ពីក្រោយមួយគ្រឿងទៀតបណ្តាលឲ្យម្ចាស់រឺម៉កម៉ូតូរងរបួសធ្ងន់ជើងម្ខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយមហាវិថីផ្លូវសហពន្ធ័រស្សី មុខក្រសួងការងារ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់ជិះរថយន្តមួយគ្រឿងម៉ាកឡិចសុីស៥៧០ស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-7666 បើកបរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករម៉កម៉ូតូកង់បីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-6165 បើកដោយបុរសម្នាក់ស្របទិសដៅគ្នានៅខាងមុខពីក្រោយពេញទំហឹង បណ្តាលរម៉កម៉ូតូរុញទៅបុករថយន្តឡិចសុីស៤៧០ បើកបរដោយបុរសម្នាក់ដែលកំពុងចតនៅលើចិញ្ចើមផ្លូវរង់ចាំយកមិត្តភក្តិម្នាក់ទៀតផ្ទប់ពីក្រោយបណ្តាលរថយន្តឡិចសុីស៤៧០បែកកញ្ចក់ខាងក្រោយខូចខាតយ៉ាងដំណំ។ រីឯម្ចាស់រម៉កម៉ូតូកង់បីរងរបួសជើងម្ខាងខាងឆ្វេងធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែករថយន្តបង្កនិងរថយន្តរងគ្រោះរម៉កម៉ូតូរងការខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីបង្កចេញសំណងសងទៅខាងរម៉កម៉ូតូកង់បីចំនួន១៥០០ដុល្លារ និងខាងរថយន្តឡិចសុីស៤៧០ចំនួន១២០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់