កណ្តាលៈ បុរសជនជាតិវៀតណាម២នាក់បានរងរបួសធ្ងន់ និងស្រាល ខណៈដែលជនដៃដល់ត្រូវជាសាច់ញាតិជនជាតិវៀតណាមដូចគ្នា ឈ្លោះប្រកែកគ្នារឿងឡានដឹកស្វាយបានឈានទៅដល់ដេញកាប់គ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នៅចំណុចផ្ទះ ថោង រ៉ន នៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
នគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះ ទាំង២នាក់នេះទី១ឈ្មោះ យ៉ យ៉ាងហាយ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញផ្លែស្វាយ ស្នាក់នៅក្រុងហូជីម៉ិញប្រទេសវៀតណាម (របួសពោះនិងដាច់ម្រាមដៃស្តាំ) និងទី២- ឈ្មោះ ង្វៀង យុាំងទុង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរ ទិញផ្លែស្វាយ មានទីលំនៅ ឃុំអាប់ឡុងភី ស្រុកសាឡុងធឹង ខេត្តង្វៀនប៊ិនកាវ ប្រទេសវៀតណាម (របួសកំភួនដៃឆ្វេង)។ ជនសង្ស័យឈ្មោះ ឌិន ណង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាមមុខរបរកសិករ មានទីលំនៅ ឃុំ ឌិនភឿក១ ស្រុកហុងងឺ ខេត្តសេដៀក ប្រទេសវៀតណាម(គេចខ្លួន)។
នគរបាលបញ្ជាក់ទៀតថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨និង១០នាទីយប់ ឈ្មោះ ឌិន ណង បានប្រកែកគ្នាជាមួយឈ្មោះ ឌិន ចេ ត្រូវជាបងបង្កើតរឿងឡានដឹកស្វាយ រួចហើយក៏ដើរចេញពីផ្ទះ ឌិន ចេ នៅភូមិបឹងគ្រំលើ ទៅភូមិបឹងគ្រំក្រោម ដល់ផ្ទះឈ្មោះ សាយ សាឃ័ន ជួបនិងឈ្មោះ ថោង រ៉ន ហើយបានប្រាប់ឈ្មោះ ថោង រ៉ន ថាបើបងឯងយកឡានទៅវៀតណាមខ្ញុំនិងដុតឡានចោលបន្ទាប់មក មុនដើរមកវិញឈ្មោះ ឌិន ណង ក៏បាននិយាយទៀតថាខ្ញុំទៅវិញនិងកាប់ តែមិនដឹងកាប់អ្នកណា ស្រាប់ដើរមកដល់ផ្ទះ ឈ្មោះ ថោង រ៉ន ក៏យកកាំបិត ក្វាវ មកកាប់លើជនរងគ្រោះទាំង២នាក់ដែល កំពុងដេកនៅ ក្រោមផ្ទះ បណ្តាលឲ្យរងរបួសកំភួនដៃឆ្វេងម្នាក់ និងម្នាក់ទៀតរងរបួសដាច់ចង្អុលដៃស្តាំនិងពោះចំហៀងខាងស្តាំ ។
បន្ទាប់ពីកាប់ជនរងគ្រោះឲ្យមានរបួស ជនសង្ស័យបានរត់គេចខ្លួន ចេញពីកន្លែងកេីតហេតុដោយយកកាំបិតទៅតាម។ ប៉ុស្តិ៍នគរបាលរដ្ឋបាលបានទៅអន្តរាគមន៍និង បានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យនៅភ្នំពេញ ហើយករណីនេះកម្លាំងផ្នែកជំនាញចុះសហការជាមួយប៉ុស្តិ៍ដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់