ព័ត៌មានបច្ចេកវិទ្យា

Apple រងបង្គាប់ឱ្យបង់ ៤៤០$ លាន ទៅឱ្យ​ VinnetX ពីបទល្មើសប៉ាតង់

ក្រុមហ៊ុន VinnetX នៅថ្ងៃម្សិលមិញនេះ បានប្រកាសថា នៅថ្ងៃទី ២៩ កញ្ញា តុលាការសង្កាត់ Eastern នៃរដ្ឋ Texas សហរដ្ឋអាមេរិក បានចេញសាលក្រមសម្រេចបង្គាប់ឱ្យក្រុមហ៊ុន Apple បង់លុយចំនួន ៤៤០ លានដុល្លារ ទៅឱ្យខ្លួន ពាក់ព័ន្ធទៅនឹងការល្មើសកម្មសិទ្ធិប៉ាតង់ ដែលក្រុមហ៊ុនផលិត iPhone យកទៅប្រើ លើមុខងារក្នុង iOS ដូចជា FaceTime និង iMessage។

ជម្លោះផ្លូវច្បាប់នេះ បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១០ ដែលនៅពេលនោះ ក្រុមហ៊ុន IP Holding VinnetX បានចោទប្រកាន់ក្រុមហ៊ុន Apple ថា កំពុងប្រើប្រាស់ប៉ាតង់របស់ខ្លួនដោយគ្មានអាជ្ញាបណ្ណ។ ច្រើនឆ្នាំកន្លងមក iPhone ជាច្រើនម៉ូឌែលថែមទៀត ត្រូវបានដាក់បន្ថែមចូលទៅក្នុងបណ្ដឹង។ លុះដល់ឆ្នាំ ២០១៦ តុលាការបានកាត់សេចក្តីឱ្យក្រុមហ៊ុន Apple ចាញ់ក្តី និងត្រូវសងក្រុមហ៊ុន VinnetX ចំនួន ៣០២.៤ លានដុល្លារ។

ប៉ុន្តែ នៅក្នុងសាលក្រមចុងក្រោយនេះ ទឹកប្រាក់សំណងត្រូវកើនដល់ ៤៣៩,៧២៧,៤១៨ ដុល្លារ ដែលចំនួននេះ គឺបូកបន្ថែមអត្រាពន្ធ ៥០% លើចំនួនប្រាក់សំណងលើកមុន ដែលស្មើនឹង ៤១.២ លានដុល្លារ រួមបញ្ចូល​ទាំងថ្លៃសេវាមេធាវី និងការប្រាក់ ៩៦ លានដុល្លារទៀត។

ទាក់ទងទៅនឹងសាលក្រមចុងក្រោយនេះ ក្រុមហ៊ុន Apple ថា​ ខ្លួនគ្រោងនឹងប្តឹងឧទ្ធ័រណ៍ទៅកាន់តុលារបន្តទៀត៕

ប្រភពព័ត៌មានៈVirnetXviaCNET

មតិយោបល់