ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សពរបស់តារាចម្រៀង សាន ស្រីឡៃ នឹងរលាយកាយនៅម៉ោង៩ព្រឹកនេះ!

បន្ទាប់ពីមានការការបាញ់សម្លាប់តារាចម្រៀង សាន ស្រីឡៃ រួចខ្មាន់កាំភ្លើងជាអតីតប្តី បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយបណ្តាលឲ្យស្លាប់ទាំង២នាក់ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ រួចមក ពេលនេះ សពរបស់អ្នកនាង សាន ស្រីឡៃ អតីត The Voice Cambodia នឹងត្រូវបូជារំលាយកាយចេញពីលោក នៅម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅវត្តសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ។ ក្នុងនោះក៏សង្កេតឃើញវត្តមាន សីល្ប:ករ សីល្ប:ការិនីរួមអាជីព ជាពិសេសតារាក្នុងផលិតហង្សមាសជាច្រើននាក់ បានចូលរួមផងដែរ។

គួររំលឹកផងដែរថា៖ ព័ត៌មានចុងក្រោយបានអះអាងថា អ្នកបាញ់សម្លាប់តារាចម្រៀងសាន ស្រីឡៃ អតីត The Voice Cambodia គឺលោកជ័យ រិន ដែលត្រូវគេស្គាល់ថា ជាអតីតស្វាមីរបស់នាង និងជាមន្ត្រីគយសំបូរទ្រព្យ។ ហេតុការណ៍នៃការបាញ់សម្លាប់នេះ គឺកើតឡើងនៅម្ដុំទូរទស្សន៍អប្សរា នៅក្នុងមន្ទីរព្យាបាលសម្រស់ធំមួយ ដោយអតីតស្វាមីនាង បានជិះម៉ូតូមកបាញ់សម្លាប់នាងចោលចំនួន៣គ្រាប់ ហើយក៏បាញ់សម្លាប់ខ្លួន តាមក្រោយ ក្រោយពីដឹងថាមិនអាចរត់រួច។

នាងបានបង្ហោះនៅលើហ្វេសប៊ុកថា ទើបតែបានត្រលប់មកពីក្រុងប៉ោយប៉ែត្រ ហើយនាងក៏បានLive ប្រាប់អ្នកគាំទ្រថា ជិតដល់ម៉ោងថតកាលពី៣ម៉ោងមុនផងដែរ ប៉ុន្តែនៅពេលល្ងាចថ្ងៃទី១៦ តុលា ក៏មានហេតុការណ៍បាញ់សម្លាប់នាងតែម្ដង។ មានការបញ្ជាក់ថា បុរសដែលបាញ់សម្លាប់នាង គឺបានបែកគ្នាក្រោយពីនាងល្បីឈ្មោះ និងមានការអះអាងថា ហេតុការណ៍ដែលនាំឲ្យឈានដល់បាញ់ប្រហារនោះ គឺពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិក្រោយពេលចែកផ្លូវ៕

មតិយោបល់