ភ្នំពេញៈ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសចំណាស់ជាអ្នកកត់កន្ទុយលេខ ម្នាក់នៅពន្ធនាគារព្រៃ ស ជាបណ្ដោះអាសន្ន រង់ចាំបន្តនីតិវិធីនាពេលក្រោយ។
សមត្ថកិច្ចបានឲ្យដឹងថា លោកស្រី កែវ សុគន្ធា ជាតំណាងអយ្យការបានចោទប្រកាន់លើឈ្មោះ ទិន ស៊ីថា ភេទប្រុស អាយុ ៥៨ឆ្នាំមុខរបរ កត់កន្ទុយលេខ ពីបទ បើកល្បែងសុីសង ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង។
គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យបានខឃាត់ខ្លួនជនសង្ស័យ កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅ នៅបន្ទប់ជួលរបស់ជនសង្ស័យ ខណៈជនសង្ស័យកំពុងតែកត់កន្ទុយលេខជាក់ស្តែង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់៕
មតិយោបល់