ព័ត៌មានជាតិ

Update៖ បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយពីជិះម៉ូតូធូដេវ៉ាក់ជាមួយម៉ូតូកង់បីបណ្ដាលឲ្យដួល ត្រូវរថយន្តសាំយ៉ុងទៅដល់កិន

ភ្នំពេញៈ យុវជនម្នាក់វ័យជាង២០ឆ្នាំ បានស្លាប់បាតបង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈដែលខ្លួនជិះម៉ូតូម៉ាកធូដេ បានវាក់ជាមួយម៉ូតូរម៉កកង់បី១គ្រឿងផ្សេងទៀត ហើយបានចាប់ហ្វ្រាំងឈប់បង្ខំ បណ្ដាលឲ្យដួលទៅលើផ្លូវ ហើយស្របពេលនោះ មានរថយន្តម៉ាសាំយ៉ុង ១គ្រឿងទៀតទៅដល់កង់ក្រោយបានកិនបណ្ដាលឲ្យបែកក្បាលធ្លាយខួរតែម្ដង បន្ទាប់មកអ្នកបើកបរម៉ូតូរម៉កកង់បីនោះបានជិះរត់គេចខ្លួនបាត់ស្រមោល។

​​
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទី រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវេងស្រង ត្រង់ចំណុចជិតអាងទឹក ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុវជនរងគ្រោះខាងលើនោះឈ្មោះ រឹត យ៉ាវ អាយុជាង២០ឆ្នាំ មានទីលំនៅក្នុងខេត្តព្រៃវែង និងស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា ធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញGD-8508 ចំណែករថយន្តម៉ាកអេសសាំយ៉ុង១គ្រឿងនោះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-1974 បើកបរដោយបុរសម្នាក់ ឈ្មោះ នៅ សីហា អាយុ ២៨ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី ដែលមានស្រុក កំណើតនៅ ភូមិ បឹងប្រទីប ឃុំ ជើងដែក ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯងប៉ុណ្ណោះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានវាក់ជាមួយម៉ូតូរម៉កកង់បី១គ្រឿងនៅខាងមុខ ខណៈនោះជនរងគ្រោះបានចាប់ហ្វ្រាំងឈប់ដោយការបង្ខំ។បណ្ដាលឲ្យដួលបោកទៅលើថ្នល់ស្របពេលនោះដែលស្រាប់តែរថយន្ត ម៉ាកសាំងយ៉ុងធ្វើដំណើរក្នុងទិសដៅស្របគ្នាបានទៅដល់ហើយក៏បានបុកនិងកិនជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយមកអ្នកបើកបររថយន្តត្រូវបានអ្នកនៅក្បែរនោះនាំគ្នាឃាត់ ប៉ុន្តែគាត់មិនបានចុះចេញពីរថយន្តនោះទេ ព្រោះខ្លាចត្រូវន្រជាពលរដ្ឋវាយ រហូតពេលនគរបាលទៅដល់នាំយកទៅកាន់ប៉ុស្ដិ៍រង់ចាំប្រគល់បន្តទៅខាងនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការសួរនាំនិងលសាងសំណុំរឿងចាត់កាតតាមច្បាប់៕


មតិយោបល់