ភ្នំពេញៈ រថយន្តម៉ាកឡិចស៊ីស៥៧០មួយគ្រឿង បើកបុកក្បាលនាគចែកទ្រូងផ្លូវខ្ទាតមកផ្លូវម្ខាងទៀត ស្របពេលដែលរថយន្តកាមរីបាឡែនបើកមក ក៏ចាំហ្វ្រាំងឈប់ភ្លាមៗ ក៏មានម៉ូតូមកពីក្រោយចំនួន២គ្រឿងទៀត ជ្រុលល្បឿនទៅបុកពីក្រោយកាមរីបាឡែនបន្ថែមទៀត បណ្តាលឲ្យបុរស២នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីស៥៧០ មួយគ្រឿង ពណ៌ស មិនចាំស្លាកលេខ បើកបរក្នុងទិសដៅពីត្បូងទៅជើង ក៏បានបុកក្បាលនាគចែកទ្រូងផ្លូវ ខ្ទាតមកផ្លូវម្ខាងទៀត ហើយរថយន្តក៏បន្តរត់គេចខ្លួនបាត់ស្រមោល។ ខណៈពេលនោះក៏មានរថយន្តម៉ាកកាមរីបាទ្បែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Y-6035 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏វាក់អឺជាមួយក្បាលនាគចែកទ្រូងផ្លូវដែលរថយន្តឡិចស៊ីស៥៧០បើកបុក ទើបចាប់ហ្វ្រាំងឈប់ភ្លាមៗ ធ្វើឲ្យម៉ូតូ២គ្រឿងទៀត ម៉ាកផូសាល ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GN-0328 និងមួយគ្រឿងទៀតម៉ាក អាគុប ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1J-7790 បើកបរដោយបុរសម្នាក់ដូចគ្នា ជ្រុលមកបុកពីក្រោយរថយន្តកាមរីបាឡែនពេញទំហឹង បណ្តាលឲ្យរងរបួសទាំង២នាក់ ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុភាគីខាងរថយន្តកាមរីបាទ្បែននិងភាគីខាងម៉ូតូទាំង២គ្រឿង បានដោះស្រាយគ្នាដោយសុំស្មើគ្នា និងយកម៉ូតូរួមទាំងរថយន្តយកទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕
មតិយោបល់