ព័ត៌មានជាតិ

រកឃើញមានភាពមិនប្រក្រតី នៅស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០២ ទីតាំង ក្នុងខណ្ឌទួលគោក

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២១ ខែសីហា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី សាខាកាំកុងត្រូលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៣ ទីតាំង ស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៣ ផងដែរ។

លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖
– ស្ថានីយ/ដេប៉ូចំនួន ០១ទីតាំងមិនមានអនុលោមភាពផ្នែកគុណភាព។
– ស្ថានីយ/ដេប៉ូចំនួន ០១ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។

ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់