កូរ៉េៈ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ក្រុងព្យុងយ៉ាង បានឲ្យដឹងថា នាវាចម្បាំងផ្ទុកយន្តហោះអាមេរិក ដែលចេញល្បាតនៅឧបទ្វីបកូរ៉េ នឹងជាគោលដៅចម្បង ដែលក្រុងវ៉ាស៊ីនតោននឹកស្មានដល់ ថាអាចនឹងទទួលការវាយប្រហារ ពីសំណាក់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។
ការគំរាមកំហែងចុងក្រោយនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ចំពេលដែលកងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ នៅជិតឧបទ្វីបកូរ៉េ ដោយមានការចូលរួមនៃនាវាចម្បាំងផ្ទុកយន្តហោះអាមេរិក ឈ្មោះថា USS Ronald Reagan ។
ពាក់ព័ន្ធនឹងបញ្ហានេះ កូរ៉េខាងជើងបានធ្វើការថ្កោលទោសផងដែរ ចំពោះសកម្មភាពរបស់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដោយបានរិះគន់ថា សមយុទ្ធប្រទេសទាំងពីរនេះ គឺជាការបង្កហេតុ ដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាម ជាមួយរបបខ្លួន៕
មតិយោបល់