ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានរថយន្តឡិចស៊ីស៤៧០មួយគ្រឿង បានបើកមកបុកជាមួយទ្រូងផ្លូវបណ្តាលបាក់អស់មួយកង់ ហើយរត់ព្យាយាមបើករត់គេចប្រមាណ១០០ម៉ែត្រ ក៏ទៅមុកលែងរួចបានទុករថយន្តចោលរត់គេចបាត់ស្រមោល ភ្លាមៗក៏មានជនឆ្លៀតឱកាសបានបន្លំខ្លួនចូលលួចទូរសព្ទក្នុងរថយន្តបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីយប់ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេងទុង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តឡិចស៊ីស៤៧០មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-7801 បានបើកក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចជិតនិងសាលាវ៉ាន់ដា ក៏រេចង្កូតទៅបុករនាំងចែកទ្រូងផ្លូវបាក់អស់មួយកង់ហើយរត់រថយន្តព្យាយាមបើករត់គេចបានប្រមាណ១០០ម៉ែត្រដោយសារតែរថយន្តដាច់ក៏ទៅមុខលែងរួចភ្លាមៗម្ចាស់បានបើកទ្វារត់គេចបាត់ស្រមោល។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ស្រាប់តែមានបុរសម្នាក់បានឆ្លៀតឱកាសចូលទៅក្នុងរថយន្តដើម្បីលួចទូរសព្ទ ប៉ុន្តែដោយសារតែសមត្ថកិច្ចក៏ដូចជាអ្នកសារព័ត៌មានឃើញទាន់ក៏ឃាត់ខ្លួនបានជនឆ្លៀតឱកាសនោះតែម្តង។
ជនឆ្លៀតឱកាសខាងលើមានឈ្មោះ លីម ឌីកា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្សារដេប៉ូ១ ខណ្ឌទួលគោក មានស្រុកកំណើតភូមិព្រៃតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បានបើកម៉ូតូមួយគ្រឿងម៉ាកវ៉េវ អាហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-1182 ក្រោយពីធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
ចំណែករថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅចរាចរណ៍ក្រុងដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ជាក្រោយ៕
មតិយោបល់