ព័ត៌មានជាតិ

Update៖ ក្រុមចោរប្លន់ក្រៃ ថោង ប្លន់កក្រើករាជធានី-ខេត្ត ត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារម្នាក់០៨ឆ្នាំ

កណ្តាល: មុននេះបន្តិច លោក សាយ សម្ភស្សសេរី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្តាល បានប្រកាសសាលក្រមផ្តន្ទាទោស ក្រុមចោរប្លន់ក្រៃថោង ប្លន់កក្រើករាជធានី-ខេត្ត ដាក់ពន្ធនាគារក្នុងម្នាក់ៗ០៨ឆ្នាំ។

ក្នុងនោះតុលាការ ក៏បើកសិទ្ធិឲ្យក្រុមជនជាប់ចោទ ប្តឹងឧទ្ធរណ៍ប្រសិនបើមិនពេញចិត្ត នឹងសាលក្រមនេះផងដែរ។

សូមរំឭកជាថ្មីម្ដងទៀតថា កាលពីល្ងាចថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្ដកណ្ដាល​ បានបង្ហាញមុខក្រុមចោរប្លន់ ប្រដាប់អាវុធ ១០ នាក់ ដែលកន្លងមក ធ្លាប់បានធ្វើសកម្មភាពប្លន់ យ៉ាងកក្រើកនៅក្នុងភូមិសាស្ត្រខេត្ដមួយចំនួន ។

នគរបាលបានថ្លែងថា ក្រុមចោរទាំង១០នាក់ ដែលត្រូវបង្ហាញមុខនៅថ្ងៃនេះ រួមមានទី១ឈ្មោះ ឈឹម សុផល ទី២ឈ្មោះ ស្រី ស្រាន់ ហៅ ជាតិ ភេទប្រុស អាយុ២៣ ទី៣ឈ្មោះ ហ៊ីង នី ហៅ ប៉េន ហៅ អា មមីស (ជាមេក្លោង) ទី៤ឈ្មោះ ហ៊ុត ហាន ហៅតូច ភេទប្រុស អាយុ៣៥ឆ្នាំ ទី៥-ឈ្មោះ ហ៊ុល សុធី ហៅផាន់ គឹមយន់ ឬហៅក្រៃថោង (ជាមេក្លោង) ទី៦ឈ្មោះ ឆៃណាន ភិរម្យ ហៅ ណាល់ នឿន ភេទប្រុស អាយុ៣៥ឆ្នាំ ទី៧ឈ្មោះ ជឿន ចិន្ដា អាយុ៣៥ឆ្នាំ ទី៨ឈ្មោះ ហ៊ិន ចាន់ថា ភេទប្រុស អាយុ៣១ឆ្នាំ ទី៩ឈ្មោះ ហៀង សុផា និងទី១០ឈ្មោះ ឃឿន បុរី ភេទប្រុស អាយុ៣៧ឆ្នាំ ។
លោក រឿន ណារ៉ា ស្នងការរងបានថ្លែងទៀតថា ប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនក្រុមចោរប្លន់ជាលក្ខណ:ទ្រង់ទ្រាយធំនេះ ធ្វើឡើងផ្ដើមចេញក្រោយពីកើតមានករណីប្លន់ប្រដាប់អាវុធទៅលើផ្ទះផ្ទេរប្រាក់វីងមួយកន្លែង នៅភូមិសាស្ត្រឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពីយប់ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៥ ។

ក្រុមចោរប្លន់ទាំង១០នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់ ចាប់តាំងពីថ្ងៃទី ២៥ ខែ កុម្ភ: ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៧ នេះ នៅក្នុងភូមិសាស្រ្ដខេត្ដកណ្ដាល ខេត្ដកំពង់ចាម និងនៅរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនក្រុមចោរខាងលើនេះ​ សមត្ថកិច្ច បានធ្វើការដកហូត កាំភ្លើងខ្លី ម៉ាកK៥៩ ចំនួន១ដើម និងម៉ូតូ៥គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព ។

លោកបានបន្តបញ្ជាក់ទៀថា ក្រុមចោរទាំងនេះ ជាមុខសញ្ញាប្លន់ប្រដាប់អាវុធដ៏សកម្ម កន្លងមកធ្លាប់ធ្វើសកម្មភាព ប្លន់នៅខេត្ដមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅកាន់ពន្ធនាគារជាច្រើនលើកច្រើនសារផងដែរ ៕

មតិយោបល់