ព័ត៌មានជាតិ

ខ្លាំងគឺខ្លោច! គ្រាន់តែស្តោះទឹកមាត់សម្លឹងមុខ បង្កឲ្យបានចូលគុកទាំងអស់គ្នា!

ភ្នំពេញៈ យោងតាមផេក អាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៤នាក់ ដែលជាគូបដិបក្ខនឹងគ្នា ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាលើគ្នាទៅវិញទៅមក។

ករណីនេះបង្កឡើងដោយភាគី២ក្រុមមានជម្លោះគ្នា ដោយភាគីទី១មានគ្នាចំនួន២នាក់ គឺឈ្មោះ យ៉ែម ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់អង្ករ ស្រុកកំណើតភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២២៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ហ្គាស ស្រុកកំណើតភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់ដែរ គឺឈ្មោះ ស៊ឹម វិបុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្រុកកំណើតខេត្តត្បូងឃ្មុំ បច្ចុប្បន្ន រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ វ៉ង ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អង្គហេតុដែលនាំឲ្យមានជម្លោះកើតឡើង គឺដំបូងឡើយផ្តើមចេញពី ភាគីទាំង២ បានផឹកស៊ីនៅកន្លែង២ផ្សេងគ្នា ដោយភាគីទី១ផឹកគ្នា២នាក់ ឯភាគីទី២ផឹកគ្នា៦នាក់។ បន្ទាប់មកឈ្មោះ សុខ វណ្ណី នៅភាគីទី១ បានងើបយកលុយលក់អង្ករទៅប្រគល់ឲ្យបងស្រីនៅផ្ទះក្បែរគ្នានឹងកន្លែងផឹកស៊ី ក៏បានជួបនឹងឈ្មោះ ស៊ឹម វិបុល ជាភាគីទី២ ដែលងើបចេញពីកន្លែងផឹងស៊ីផ្សេងមួយទៀត ដើម្បីទៅហៅកូន ពេលដើរជួបគ្នា ឈ្មោះ ស៊ឹម វិបុល ក៏បានស្តោះទឹកមាត់និងសម្លឹងមុខឈ្មោះសុខ វណ្ណី បណ្តាលឲ្យមានការឈ្លោះប្រកែកគ្នាតាមពាក្យសម្តីខ្លាំងៗ ហើយក៏ត្រឡប់ទៅអង្គុយកន្លែងផឹកស៊ីរាងៗខ្លួនវិញ។ តែដោយឈ្មោះ សុខ វណ្ណី មិនសុខចិត្តក៏រ៉ាយរ៉ាប់ប្រាប់ដល់មិត្តភក្តិខ្លួន ឈ្មោះ យ៉ែម ពេជ្រ បណ្តាលឲ្យមានការឈ្លោះប្រកែកគ្នាបន្ត រហូតឈានដល់ការយកដំបង ដុំថ្ម គប់គ្នាទៅវិញទៅមក ផ្អើលដល់អ្នកជិតខាង មកប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅហាមឃាត់ តែភាគីទាំង២មិនព្រមស្តាប់ ទើបសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនភាគីទាំងពីរបក្ខ មកសម្រុះសម្រួលគ្នាតែម្តង។

ក្រោយពេលស្រាវជ្រាវសមត្ថកិច្ចអាវុធហត្ថបានរកឃើញថា ជនសង្ស័យទាំង២បក្ខ គឺជាក្រុមអន្ធពាល ដែលតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ព្រមទាំងវាយតប់បង្ករបួសស្នាមដល់អ្នកជិតខាងជាញឹកញាប់ ដោយប្រើ កាំបិត ដំបង ដុំថ្ម បង្កឲ្យអ្នកជិតខាងមានរបួស ជាច្រើនករណីរួចមកហើយ ទើបសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់តុលាការព្រមគ្នា ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់តែម្តង៕

មតិយោបល់